នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng Outhakaysone) រដ្ឋមន្ត្រីការពារឡាវ បានលើកឡើងថា កិច្ចសហបត្តិការនៅតាមព្រំដែនរវាងកម្ពុជា និងឡាវ សហការគ្នាបានយ៉ាងល្អ ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្វាគមន៍ចំពោះរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិរបស់ឡាវក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចចាត់ទុកថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅពេលនេះ គឺជាផ្នែកដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងឡាវ ហើយនិយាយដោយឡែកនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងវិស័យការពារជាតិ នៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានចំណាយពេលវេលាជួបជាមួយនឹងលោកនៅក្នុងឱកាសនេះ ខណៈលោកក៏បានបញ្ជាក់ពីកិច្ចសហបត្តិការនៅតាមព្រំដែនរវាងកម្ពុជា និងឡាវដែលប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អដោយក្នុងរយៈពេលកន្លងមកនេះគឺព្រំដែនកម្ពុជា និងឡាវជាព្រំដែនដែលមានសន្តិភាព ស្ថិរភាព និងសន្តិសុខយ៉ាងពេញលេញ គ្មានបញ្ហាអ្វីកើតឡើងនោះទេ។ លោកក៏បានរាយការណ៍ជូនសម្ដេចអំពីកិច្ចសហប្រតិបត្តិការ នៅក្នុងការជួយដោះស្រាយ ឬក៏ទប់ស្កាត់ជួយសង្គ្រោះនៅពេលដែលមានគ្រោះមហន្តរាយកើតឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។

តាមរយៈជំនួបនេះដែរថា សម្ដេចតេជោ ក៏បានសម្ដែងការពេញចិត្តចំពោះលទ្ធផលក៏ដូចជារបាយការណ៍ឯកឧត្តមបានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងកម្ពុជា និងឡាវ។សម្ដេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះ ហើយសម្ដេចកត់សម្គាល់ទៅលើកិច្ចសហប្រតិបត្តិការនៃការបណ្ដុះបណ្ដាលធនធានមនុស្សនិងការផ្លាស់ប្ដូរនូវទស្សនកិច្ចនៃបណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់ឬក៏រហូតដល់ថ្នាក់ក្រោមរវាងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិរបស់ឡាវនាពេលកន្លងមក។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានជំរុញបន្ថែមទៀតឱ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសគឺការការពារនៅតាមព្រំដែនដែលធានាឱ្យបានបន្តទៀតនូវព្រំដែនដែលសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសម្រាប់ប្រទេសសងខាងដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន


