ឃុំចំនួន៥នៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នឹងក្លាយជាគោលដៅក្នុងការអនុវត្តគម្រោងកសិកម្មស្ងួត-សើម(AWD)បែបទំនើប

សង្គម​ និង​សេដ្ឋកិច្ច

ឃុំចំនួន៥ នៃស្រុកបសេដ្ឋ ក្នុងខេត្តកំពង់ស្ពឺ នឹងក្លាយជាគោលដៅក្នុងការអនុវត្តគម្រោងកសិកម្មស្ងួត-សើម(AWD)នៃក្រុមហ៊ុនThanks Carbon Inc និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ(សម្ព័ន្ធភាពCPDD)។ នេះបើយោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺបានឱ្យដឹង ក្នុងឱកាសចុះអនុស្សារណ:នៃការយោគយល់គ្នាMOUរវាងក្រុមហ៊ុន Thanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាពCPDD) នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលខេត្តកំពង់ស្ពឺបានស្រង់សម្តីលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ថា រដ្ឋបាលខេត្តតាមរយ:មន្ទីរកសិកម្មនិងរុក្ខាប្រម៉ាញ់បានចុះអនុស្សារណ:នៃការយោគយល់ជាមួយ ក្រុមហ៊ុនThanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាពCPDD)ដើម្បីបង្ហាញអំពីទស្សនទាន និងគោលដៅគម្រោងស្ងួត-សើម (AWD) ក្នុងការស្វែងរកកិច្ចសហការសម្រាប់ការអនុវត្តគម្រោង។

តាមរយៈការចុះអនុស្សរណៈខាងលើនេះ ក៏បានកំណត់នូវឱកាស បញ្ហាប្រឈមនិងអនុសាសន៍នានាពាក់ព័ន្ធនឹងគម្រោងស្ងួត-សើម ជាពិសេសដើម្បីឱ្យការអនុវត្តគម្រោងបានចូលរួមចំណែកក្នុងការផ្សាភ្ជាប់ និងគាំទ្រផ្នែកច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានជាធរមាន ក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងរបស់ប្រជាកសិករទូទៅ។

អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ពិសេសគឺដំណាំស្រូវ។ លោកថា ក្នុងមួយឆ្នាំប្រជាកសិករក្នុងខេត្តនេះអាចផលិតស្រូវបានជាងមួយលានតោនដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ។ ដូច្នេះគម្រោងកសិកម្មស្ងួត-សើមរបស់ក្រុមហ៊ុននិងអង្គការសម្ព័ន្ធភាពដែលជ្រើសយកឃុំគោលដៅទាំង៥ក្នុងស្រុកបសេដ្ឋមាន១.ឃុំពោធិម្រាល ២.ឃុំនិទាន ៣.ឃុំពោធិចំរើន ៤.ឃុំពោធិអង្រ្កង ៥.ឃុំព្រះខែនិងធ្វើឱ្យមានទំនើបកម្មលើវិស័យកសិកម្មនៅក្នុងស្រុកនេះមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និង និរន្តរភាព បង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមអភិក្រមនិងវិសាលភាពថ្មី ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើធនធានដែលមានស្រាប់(ធនធានដី និងធនធានធម្មជាតិផ្សេងៗទៀត) ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើ ប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី កសិកម្មវៃឆ្លាត ការស្រាវជ្រាវនិងការអភិវឌ្ឍយន្តូបនីយកម្មផងដែរ៕