បុរសខ្លាំង ពូទីន ថាការដាក់ទណ្ឌកម្មកាន់តែខ្លាំង ធ្វើឲ្យរុស្ស៊ីកាន់តែទទួលបានផលវិជ្ជមាន

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានលើកឡើងថា រុស្ស៊ីបានឆ្លងផុតពីវិធានការដាក់ទណ្ឌកម្មអន្តរជាតិនានា ហើយបានបន្ថែមទៀតថា ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចមកលើរុស្ស៊ី បានបែរជាផ្តល់ផលអវិជ្ជមានដល់ប្រទេសដែលទទួលរងទណ្ឌកម្មទៅវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសុន្ទរកថាទៅកាន់មេដឹកនាំធុរកិច្ចនៃកិច្ចប្រជុំកំពូល APEC នៅទីក្រុង Shenzhen ប្រទេសចិន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា លោក ពូទីន បាននិយាយថា ការប៉ុនប៉ងធ្វើឱ្យរុស្ស៊ីឯកោពីសហគមន៍អន្តរជាតិ គឺជាការប៉ុនប៉ងដែលមិនទទួលបានជោគជ័យ។

សេដ្ឋកិច្ចរុស្ស៊ីបានត្រឡប់មករកកំណើនវិញនៅត្រីមាសទី២ បន្ទាប់ពីធ្លាក់ចុះ ០,៣% នៅត្រីមាសទី១ ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារស្ថិតិរដ្ឋរុស្ស៊ី (Rosstat) បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីនៅត្រីមាសទី២ បានកើនឡើង ១,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងការរំពឹងទុក។

នៅក្នុងកិច្ចប្រជុំ APEC ដដែលនោះ លោក ពូទីន បានអះអាងថា សេដ្ឋកិច្ចរុស្ស៊ីកំពុងមានកំណើនលឿនជាងសេដ្ឋកិច្ចអឺរ៉ុបទៅទៀត។ លោកក៏បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មបានជំរុញឱ្យរុស្ស៊ីបង្កើនផលិតភាព និងធ្វើទំនើបកម្មរោងចក្រឧស្សាហកម្មរបស់ខ្លួន។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់លើសមត្ថភាពរបស់រុស្ស៊ីក្នុងការទប់ទល់នឹងសម្ពាធសេដ្ឋកិច្ច បើទោះបីជាប្រតិបត្តិការទូទាត់ជាប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូបានធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ។

ជម្រាបជូនផងដែរថា ក្រោយពីរុស្ស៊ីបានបើកប្រតិបត្តិការយោធានៅអ៊ុយក្រែនអស់រយៈពេលជាង ៤ឆ្នាំ និងប្រឈមមុខនឹងទណ្ឌកម្មជាបន្តបន្ទាប់ពីប្រទេសលោកខាងលិច សេដ្ឋកិច្ចរុស្ស៊ីនៅតែអាចរក្សាស្ថិរភាពបាន និងមិនបានដួលរលំដូចការព្យាករមួយចំនួនកាលពីដំបូងឡើយ៕​