ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ ១៥ លានដុល្លារអាមេរិក លើការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្រ្វង់កូហ្វីនីលើកទី ២០ នៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្តមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ក្នុងខេត្តកំពង់ចាម កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់ ១៥ លានដុល្លារ ខណៈក្រៅពីនេះក៏ទទួលបានការឧបត្ថម្ភគាំទ្រមួយចំនួនពីបណ្ដាស្ថានទូតប្រទេសជាមិត្ត អង្គការ និងវិស័យឯកជនមួយចំនួនផងដែរ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងទៀតថា នៅក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានអូសទាញផ្ដួចផ្ដើមឱ្យបង្កើតនៅការិយាល័យកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចសម្រាប់តំបន់ហ្វ្រង់កូហ្វូនី និងអាស៊ាននៅកម្ពុជា ដែលនេះគឺជាមជ្ឈមណ្ឌលដ៏សំខាន់ណាស់។

ជាមួយគ្នានេះ សម្តេចថា កម្ពុជា បានធ្វើការជាមួយបារាំង ដើម្បីផ្លាស់ប្ដូរទីតាំងនៃមជ្ឈមណ្ឌល អប់រំ បណ្ដុះបណ្ដាល ក្នុងវិស័យអប់រំតំបន់ របស់ហ្រ្វង់កូហ្វូនីពីប្រទេសវៀតណាម មកដាក់នៅកម្ពុជាផងដែរ។ ក្រៅពីនេះ ទៅថ្ងៃក្រោយក្រុមហ៊ុនមួយចំនួនបានជ្រើសរើសកម្ពុជាទុកជាស្នាក់ការតំបន់ផងដែរ ដែលនេះបញ្ជាក់ពីសមត្ថភាពរបស់កម្ពុជាផងដែរ។

សូមជម្រាបដែរថា តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្រ្វង់កូហ្វីនីនេះដែរ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជាថ្មីថា ១៥ លានដុល្លារ ដែលបានចំណាយរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ បើយើងគិតលើការចំណាយកាលពីវ៉ៃគ្នានៅក្នុងសង្រ្គាមខ្មែរ-ថៃ ថ្ងៃខ្លះក្នុងមួយថ្ងៃការចំណាយច្រើនជាងនេះ ដូច្នេះយើងមិនធ្វើសង្គ្រាមទេ ទុកលុយមកពង្រឹងខ្លួនយើង, ហើយ ១៥ លានដែលយើងចាយមករៀបចំហ្រ្វង់កូហ្វូនីនេះ មិនមែនចាយខ្ជះខ្ជាយទេ តែចាយដើម្បីពង្រឹងកម្ពុជា យើងត្រូវពង្រឹងខ្លួនយើងទៅវិញទេ៕ អត្ថបទ៖ហ្សាលីន


