គ្រាន់តែចេញលក់ថ្ងៃដំបូង ហ្គេម GTA VI រកប្រាក់ចំណូលបានដល់ ៣,៨ពាន់លានដុល្លារ

អន្តរជាតិ

វីដេអូហ្គេមដ៏ពេញនិយមបំផុត Grand Theft Auto VI (GTA VI) អាចរកចំណូលពីការលក់បានរហូតដល់ ៣,៧៩ពាន់លានដុល្លារអាមេរិក ត្រឹមតែថ្ងៃដំបូងប៉ុណ្ណោះនៃការចេញលក់ ដែលបង្កើតកំណត់ត្រាថ្មីជាការចេញលក់ផលិតផលផ្នែកកម្សាន្តដែលទទួលបានជោគជ័យបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុន Rockstar Games ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួលេខនេះផ្អែកលើការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនចំពោះការលក់ទូទាំងពិភពលោក ដោយវាបានកើនឡើងជិត ៥ដង បើធៀបនឹងហ្គេមជំនាន់មុន គឺ Grand Theft Auto V (GTA V) ដែលរកចំណូលបានប្រមាណ ៨០០លានដុល្លារ ក្នុងរយៈពេលត្រឹម ២៤ម៉ោងដំបូង បន្ទាប់ពីការចេញលក់ក្នុងឆ្នាំ២០១៣។

មិនត្រឹមតែប៉ុណ្ណោះ ចំណូលរបស់ហ្គេម GTA VI ក៏លើសពីប្រាក់ចំណូលសរុបពីការលក់សំបុត្រភាពយន្ត Avengers: Endgame ដែលទទួលបានប្រមាណ ២,៩ពាន់លានដុល្លារនៅទូទាំងពិភពលោក បន្ទាប់ពីការចាក់បញ្ចាំងឡើងវិញបានធ្វើឱ្យភាពយន្តនេះដណ្ដើមតំណែងជាភាពយន្តរកចំណូលបានខ្ពស់បំផុតពី Avatar កាលពីខែមុនផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុន Rockstar Games ដែលជាក្រុមហ៊ុនផលិតហ្គេមដ៏ធំនេះ និងមានទីស្នាក់ការកណ្ដាលនៅទីក្រុងញូវយ៉ក បានឱ្យដឹងថា GTA VI មានការបញ្ជាទិញ និងការ Pre-order ចំនួន ៣២,៥ លានច្បាប់ មុនពេលចេញលក់ជាផ្លូវការ ដែលជាកំណត់ត្រាថ្មីមួយសម្រាប់គ្រប់វេទិកាហ្គេមទាំងអស់។

ជម្រាបជូនថា ហ្គេមនេះបានចាប់ផ្ដើមដាក់លក់កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន សម្រាប់ម៉ាស៊ីនហ្គេម PlayStation 5 និង Xbox Series X|S ដែលត្រូវបានបញ្ចេញឲ្យលេងដំបូងគេ នៅប្រទេសនូវែលសេឡង់ ហើយបន្ទាប់មកពង្រីកទៅកាន់ទីផ្សារផ្សេងៗទៀតតាមតំបន់ពេលវេលានីមួយៗ នៅពេលឈានដល់ម៉ោង ១២យប់៕​