ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្តល់អនុសាសន៍គន្លឹះ ៤ ចំនុច ដើម្បីអភិវឌ្ឍសហគ្រាសនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ​​​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានផ្តល់ជូននូវអនុសាសន៍គន្លឹះចំនួន ៤ចំនុច ដើម្បីកសាងភាពធន់របស់វិស័យឯកជនក្នុងស្រុក និងអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងបើក “ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៦” ក្រោមមូលបទ “ភាពធន់តាមរយៈនវានុវត្តន៍៖ សហគ្រិនភាពកម្ពុជាសម្រាប់អនាគត” កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល បានលើកឡើងបានផ្តល់ជូននូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)នៅកម្ពុជា រួមមាន៖

១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធភស្តុភារកម្មជាតិប្រកបដោយប្រសិទ្ធភាព តាមរយៈការពង្រឹង និងពង្រីកបណ្តាញគមនាគមន៍ដឹកជញ្ជូនពហុមធ្យោបាយ រួមជាមួយនឹងការធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ សំដៅកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ចំណេញពេលវេលា និងបង្កើនការតភ្ជាប់សេដ្ឋកិច្ចទាំងក្នុងប្រទេស និងជាមួយតំបន់ឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់។ ២. ការអភិវឌ្ឍមូលធនមនុស្ស និងកម្លាំងពលកម្មជំនាញបច្ចេកទេសកម្រិតខ្ពស់ តាមរយៈការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេស និងបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យអាទិភាពសំខាន់ៗ ដើម្បីកសាងកម្លាំងពលកម្មដែលមានផលិតភាពខ្ពស់ ភាពបត់បែន និងសមត្ថភាពឆ្លើយតបបានទាន់ពេលវេលា និងចំគោលដៅទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងការវិវត្តនៃឧស្សាហកម្មទំនើប។

៣. ការធ្វើកំណែទម្រង់ និងសម្រួលនីតិវិធីរដ្ឋបាល ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែង តាមរយៈការធ្វើសាមញ្ញកម្ម និងឌីជីថលូបនីយកម្មលើសេវាសាធារណៈ កាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាល និងបន្ទុកចំណាយក្រៅផ្លូវការនានាក្នុងការធ្វើធុរកិច្ច សំដៅបង្កើតបរិយាកាសវិនិយោគដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណបាន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារតំបន់ និងសកលលោកប្រកបដោយចីរភាព។និង ៤. ការកសាង និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងនវានុវត្តន៍ដ៏រឹងមាំ ដោយការជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍, ការផ្តល់កិច្ចគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងធុរកិច្ចថ្មី (Startups) ព្រមទាំងការលើកទឹកចិត្តដល់ការចាប់យកបច្ចេកវិទ្យានវានុវត្តន៍ថ្មីៗ បញ្ញាសិប្បនិម្មិត្ត(AI) និងគំនិតច្នៃប្រឌិត ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីធុរកិច្ចមួយដែលមានភាពធន់ រស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចថ្មី។

សូមជម្រាបដែរថា ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៦ គឺជាជំនួបសហគ្រិនដ៏ធំមួយប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង និងការចែករំលែកបទពិសោធន៍អំពីតួនាទីរបស់នវានុវត្តន៍ ក្នុងការពង្រឹងភាពធន់របស់សហគ្រិន និងអាជីវករកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរ និងបញ្ហាប្រឈមនានា ព្រមទាំងចាប់យកឱកាសថ្មីៗ សម្រាប់ការរីកចម្រើនប្រកបដោយចីរភាព៕ អត្ថបទ៖ហ្សាលីន