មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៣ រូប ទទួលមេដាយមាសអនុស្សាវរីយ៍មហាកំពែង ពីប្រទេសចិន

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមមន្ត្រីនៃក្រសួងមហាផ្ទៃកម្ពុជាចំនួន ៣រូប ទទួលបាន “មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង” ពីក្រសួងសន្ដិសុខសាធារណៈ នៃប្រទេសចិន ក្នុងវេទិកាសហប្រតិបត្តិការសន្តិសុខសាធារណៈសកល (Lianyungang) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ “កិច្ចសហការសន្តិសុខដើម្បីវិបុលភាពរួម”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលនូវ “មេដាយមាសអនុស្សាវរីយ៍មហាកំពែង” (The Great Wall Commemorative Medal) ព្រមទាំងថ្នាក់ដឹកនាំ ២រូបទៀត គឺ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទទួលមេដាយមាស និងឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ទទួលបានមេដាយប្រាក់។

សូមជម្រាបថា មេដាយអនុស្សាវរីយ៍មហាកំពែង គឺជាមេដាយកិត្តិយសថ្នាក់ខ្ពស់បំផុត ដែលសម្រាប់ផ្ដល់ជូនថ្នាក់ដឹកនាំបរទេសឈានមុខលំដាប់ពិភពលោក ដែលបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ សន្តិភាព និងស្ថិរភាពពិភពលោក។

ការទទួលបានមេដាយកិត្តិយសដ៏ថ្លៃថ្លានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រសួងសន្តិសុខសាធារណៈចិន និងបានវាយតម្លៃខ្ពស់ចំពោះគ្រឿងឥស្សរិយយសប្រកបដោយគុណតម្លៃនេះ ដែលជាមោទកភាពសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ដែលជាស្ថាប័នទទួលខុសត្រូវថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា មេដាយមាស និងមេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង” ដែលថ្នាក់ដឹកនាំកម្ពុជាទទួលបាននៅពេលនេះ គឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយបន្ថែមទៀត ដល់សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាទាំងមូល ក្នុងកិច្ចខិតខំអនុវត្តការងាររបស់ខ្លួន ដើម្បីបម្រើដល់បុព្វហេតុជាតិ និងប្រជាជន។

គួរបញ្ជាក់ថា វេទិកា Liaryurgarg ត្រូវបានបង្កើតឡើងតាមសំណើរបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុង Lianyungang នៃខេត្ត Jiangsu កាលពីឆ្នាំ២០១៥ និងជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដែលមាន “កិច្ចសហការសន្តិសុខដើម្បីវិបុលភាពរួម” ជាតម្លៃស្នូល។ វេទិកានេះ មានគោលដៅកម្ពស់កិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងសន្តិសុខសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ជាមួយនឹងការគិតគូរប្រកបដោយភាពច្នៃប្រឌិត និងវិធានការជាក់ស្ដែង ដោយមានការចូលរួមគ្នា ការកសាង និងការ គ្រប់គ្រងរបស់មន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាល និងអង្គការអន្តរជាតិ មន្ត្រីអនុវត្តច្បាប់ និងកងកម្លាំងនគរបាល អ្នកដឹកនាំអាជីវកម្ម និងអ្នកជំនាញប្រឹក្សាយោបល់៕