លោក ជា លីសែ បានប្រកាសថា ក្រុមគ្រួសាររបស់លោក នឹងជូនសគុណ ៣០០០ដុល្លារ ដល់កម្លាំងសមត្ថកិច្ចចាប់ខ្លួនបុគ្គលឈ្មោះ សាន វិសាល ដែលមានការបន្លំប្រើងារជា «ឧកញ៉ា»

សង្គម​ និង​សេដ្ឋកិច្ច

លោក ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានប្រកាសលើបណ្តាញសង្គមថា ក្រុមគ្រួសាររបស់លោក នឹងជូនសគុណ ៣០០០ដុល្លារ ដល់កម្លាំងសមត្ថកិច្ចចាប់ខ្លួនបុគ្គលឈ្មោះ សាន វិសាល ដែលមានការបន្លំប្រើងារជា «ឧកញ៉ា» បោកប្រាស់ទំនុកចិត្តនិងថវិកាលើគ្រួសាររបស់លោក នាពេលកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក លោក ជា លីសែ បានឱ្យដឹងថា បុគ្គលនេះបានលួងលោមឆបោកក្រុមគ្រួសាររបស់លោកអស់ទឹកប្រាក់ជិត ៧ម៉ឺនដុល្លារ តាមរយៈការលួងលោមគោរពប្រតិបត្តិ ស្នើសុំធ្វើជាកូនធម៌ និងបងធម៌ ជាមួយម្ដាយ និងបងស្រីរបស់លោក ហើយស្នើម្ដាយ និងបងស្រី ឱ្យជួយធានាខ្ចីលុយគេមកឱ្យខ្លួនយ៉ាងច្រើន។

ក្រុមគ្រួសាររបស់លោក ជា លីសែ បានព្យាយាមទាក់ទងបុគ្គលនេះជាបន្ដបន្ទាប់ តែរកលេសគ្រប់សព្វគេចវេសទទួលខុសត្រូវ។ បើតាមលោក ជា លីសែ លោកមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់រួមនឹងដីកាចាប់ខ្លួនរបស់តុលាការរួចហើយ។ លោក ជា លីសែ បានអះអាងថា គ្រួសាររបស់លោក និងរូបលោកផ្ទាល់ មានការឈឺចាប់ និងរងទុក្ខវេទនាដោះស្រាយសងបំណុលគេរាប់ឆ្នាំទម្រាំអស់។

សម្រាប់លោក ជា លីសែ ការផ្សព្វផ្សាយនេះ ដើម្បីកុំឱ្យមានអ្នកចាញ់បោកបុគ្គលនេះតទៅទៀត ព្រោះបុគ្គលនេះបានដើរឆបោកគេជាច្រើនខេត្ត ដោយយកឈ្មោះ ឬរូបថតជាមួយថ្នាក់ដឹកនាំ ដើម្បីមកប្រើក្នុងការកាងដោះស្រាយបញ្ហា ឬរត់ការរឿងផ្សេងៗ។

សូមជម្រាបថា បើតាមលិខិតបង្ហោះដោយ លោក ជា លីសែ បុគ្គលឈ្មោះ សាន វិសាល ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បន្ថែមទៀតផងដែរ ប៉ុន្តែរហូតមកទល់ពេលនេះកម្លាំងសមត្ថកិច្ចមិនទាន់ចាប់ខ្លួនបុគ្គលរូបនេះបាននៅឡើយទេ៕