ចាប់ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ កិច្ចប្រជុំរដ្ឋមន្ត្រីអប់រំអាស៊ី-អឺរ៉ុប លើកទី១០ (ASEMME10) ត្រូវបានរៀបចំឡើងនៅទីក្រុងប៉ាងឡាវ ខេត្តបូហុល ប្រទេសហ្វីលីពីន ក្រោមមូលបទ «និរន្តរភាព និងសាមគ្គីភាព៖ ការត្រួសត្រាយអនាគតរួមគ្នា តាមរយៈកិច្ចសហប្រតិបត្តិការឧត្តមសិក្សាអាស៊ី-អឺរ៉ុប»។

កិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីនេះមានគោលបំណងផ្ដល់ជាវេទិកាសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីពង្រឹងភាពជាដៃគូ ការផ្លាស់ប្ដូរឧត្តមានុវត្តន៍ និងការលើកកម្ពស់គុណភាពអប់រំកម្រិតឧត្តមសិក្សារវាងតំបន់អាស៊ី និងអឺរ៉ុប។

ក្នុងឱកាសនេះ លោក សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាតុមូលលើកទី២ ស្ដីពី «ការសិក្សាពេញមួយជីវិត និងបរិយាបន្ន» តាមរយៈវិស័យឧត្តមសិក្សា។ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់លើការផ្លាស់ប្ដូរនៃទិដ្ឋភាពឧត្តមសិក្សានៅកម្ពុជា ដែលជំរុញដោយវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃលទ្ធផលតេស្ត PISA ភាពប្រសើរឡើងនៃរង្វាយតម្លៃ SEA-PLM និងកំណើនខ្ពស់នៃសិស្សានុសិស្សដែលទទួលបាននិទ្ទេស A, B និង C ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២)។ សមិទ្ធផលទាំងនេះ គឺជាសញ្ញាណវិជ្ជមានដែលបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់សិស្សានុសិស្សកម្ពុជាក្នុងការឈានចូលទៅបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ ឯកឧត្តមបានលើកឡើងពីការត្រួសត្រាយនៃគន្លងអប់រំទាំង ៣ លើវិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម និងការអប់រំបច្ចេកទេស និងកិច្ចសហការជាមួយការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលផ្ដល់ជម្រើសកាន់តែប្រសើរដល់សិស្សនៅកម្ពុជា។

លោកបានបញ្ជាក់ពីតួនាទី និងការចូលរួមនៃបរិវត្តកម្មឌីជីថល រួមមានការបង្រៀនពីចម្ងាយ ការបង្កើតវេទិកាអប់រំឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលធ្វើឱ្យការសិក្សាអាចកើតឡើងគ្រប់ពេលវេលា និងទីកន្លែង។ ទន្ទឹមនឹងនេះ លោកក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយដៃគូមកពីប្រទេសស៊ីប (Cyprus) អាល្លឺម៉ង់ (Germany) និងបែលហ្ស៊ិក (Belgium) ដើម្បីពិភាក្សា និងស្វែងរកលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សាឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀត៕


