Nvidia ប្រកាសផ្អាកនាំចេញម៉ាស៊ីនមេបំពាក់ឈីប AI ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់អាមេរិក Nvidia បានណែនាំដល់ដៃគូផលិតម៉ាស៊ីនមេរបស់ខ្លួនឱ្យផ្អាកការដឹកជញ្ជូនម៉ាស៊ីនមេដែលបំពាក់បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៤ រួមមាន ម៉ាឡេស៊ី សិង្ហបុរី ថៃ និងឥណ្ឌូណេស៊ី បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ចេញវិធានការរឹតបន្តឹងថ្មីលើការនាំចេញបច្ចេកវិទ្យាបន្ទះឈីបកម្រិតខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន Financial Times ដែលដកស្រង់ប្រភពចំនួន ៣ ដែលដឹងពីបញ្ហានេះ បានឱ្យដឹងថា Nvidia បានជូនដំណឹងដល់ដៃគូផលិតសំខាន់ៗរបស់ខ្លួនឱ្យបញ្ឈប់ការដឹកជញ្ជូនម៉ាស៊ីនមេដែលបំពាក់អង្គភាពដំណើរការក្រាហ្វិក (GPU) របស់ខ្លួនទៅកាន់ប្រទេសទាំង ៤ ខាងលើ។ ក្នុងចំណោមដៃគូផលិតទាំងនោះ មានក្រុមហ៊ុន Dell និង Super Micro Computer ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនមេបំពាក់បន្ទះឈីបរបស់ Nvidia។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រុមហ៊ុនផលិតទាំងនេះ បានជូនដំណឹងដល់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសដែលរងផលប៉ះពាល់ទាំងនោះថា ការបញ្ជាទិញម៉ាស៊ីនមេមួយចំនួនមិនអាចដឹកជញ្ជូនបានតាមការគ្រោងទុក ដោយសារការណែនាំថ្មីពី Nvidia។ តែទោះជាយ៉ាងណា នៅមិនទាន់មានភាពច្បាស់លាស់ទេថា ការផ្អាកនេះនឹងមានរយៈពេលខ្លី ឬអាចអូសបន្លាយយូរប៉ុណ្ណានោះ។

យ៉ាងណាមិញ ជុំវិញចំណាត់ការនេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានរឹតបន្តឹងបទប្បញ្ញត្តិនាំចេញបន្ទះឈីប AI កម្រិតខ្ពស់ ដោយមានគោលដៅទប់ស្កាត់ក្រុមហ៊ុនចិនពីការទទួលបានសមត្ថភាពគណនាកុំព្យូទ័រកម្រិតខ្ពស់តាមរយៈប្រទេសទីបី។ វិធានការថ្មីនេះតម្រូវឱ្យមានការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិក មុនពេលនាំចេញ ឬនាំចេញបន្តបន្ទះឈីប AI កម្រិតខ្ពស់ទៅកាន់ប្រទេសដែលស្ថិតក្នុងបញ្ជីកំណត់៕​