ចុងសប្តាហ៍នេះ! មកទស្សនាសិល្បៈទស្សនីយភាព និងល្បែងល្បងប្រាជ្ញាបេតិកភណ្ឌទាំង៧ នៅ Walk Street

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានបេតិកភណ្ឌវប្បធម៌អរូបីនិងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ នឹងរៀបចំ «សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជាលើកទី២ ឆ្នាំ២០២៦» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណផ្លូវថ្មើរជើង (Walk Street) ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបីជាតិជូនសាធារណជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះនឹងបង្ហាញពីការតាំងពិព័រណ៍ ការសម្ដែងសិល្បទស្សនីយភាពចម្រុះ ដូចជា ល្ខោនខោល ល្ខោនស្រមោលស្បែកតូច ល្ខោនស្រមោលស្បែកធំ របាំកៃលាស របាំកាប់ក្របីសែនភូមិ វង់ភ្លេងគង ការប្រគំចាប៉ីដងវែង និងការបង្ហាញគុនល្បុក្កតោ ព្រមទាំងមានការលេងល្បែងល្បងប្រាជ្ញាទាក់ទងនឹងបេតិកភណ្ឌវប្បធម៌អរូបីទាំង៧ និងល្បែងទាញព្រ័ត្រ។

យោងតាមកាលវិភាគរៀបចំ កម្មវិធីថ្ងៃទី១ ,២៨ វិច្ឆិកា ២០២៦ ចាប់ផ្តើមពីម៉ោង ៥រសៀលដល់ ៩:១៥ ដោយមានពិធីបើក និងសម្ដែងសិល្បៈជាបន្តបន្ទាប់ ខណៈថ្ងៃទី២ ,២៩ វិច្ឆិកា ២០២៦ ប្រព្រឹត្តទៅពីម៉ោង ៦:៣០ល្ងាច ដល់ ៩:៥០ នៅបរិវេណផ្លូវថ្មើរជើង (Walk Street) ដោយស្ថាប័នរៀបចំបានអញ្ជើញសាធារណជនចូលរួមទស្សនា និងចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករ៕