ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ឯក ជឹម រតនា អត្តលេខ ៦១៩០៨ ដែលជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មូលហេតុដោយសារតែមន្ត្រីជាន់ខ្ពស់រូបនេះបានប្រព្រឹត្តល្មើសបទវិន័យរបស់កងកម្លាំងនគរបាលជាតិកម្ពុជា។

យោងតាម ប្រកាស ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ បានផ្អាកការងារ និងប្រាក់បៀវត្ស លោកវរសេនីយ៍ឯក ជឹម រតនា ត្រូវខកខាន និងផ្អាកពីមុខតំណែងការងារជាបណ្តោះអាសន្ន រួមទាំងត្រូវបានផ្អាកការបើកប្រាក់បៀវត្សផងដែរ។ សាមីខ្លួនដែលមានឈ្មោះខាងលើ ត្រូវតែទៅបង្ហាញមុខជារៀងរាល់ថ្ងៃធ្វើការ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រហូតដល់មានការសម្រេចជាថ្មីពីថ្នាក់ដឹកនាំ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រគល់ភារកិច្ចជូន អគ្គលេខាធិការ អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងក្រុមប្រឹក្សាវិន័យ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រួមនឹងសាមីខ្លួនផ្ទាល់ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។




