អន្តក្រសួង ដែលមកពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយសំខាន់ៗចំនួន៣ ដើម្បីជំរុញផលិតភាពនៅកម្ពុជា។

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទីទី២៦ ខែតុលា ឆ្នាំ២០២៦ ដឹកនាំដោយ លោក សុន សុខកេង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ បានលើកយករបៀបវារៈសំខាន់ៗចំនួន៣ មកពិភាក្សារួមមាន៖ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០២៦-២០៣៥, សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៦-២០៣៥ និងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការងារ ២០២៦-២០៣៥។
សូមជម្រាបដែរថា តាមរយៈកិច្ចប្រជុំនោះ អន្តរក្រសួង បានបើកកិច្ចពិភាក្សាដោយផ្តោតសំខាន់លើការរៀបចំ និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
គោលនយោបាយទាំង៣ខាងលើនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផលិតភាព ភាពប្រកួតប្រជែង និងការបង្កើតឱកាសការងារថ្មីៗ ព្រមទាំងលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ ជាពិសេសឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការកសាងអនាគតដ៏រុងរឿងសម្រាប់កម្ពុជា៕ អត្ថបទ៖ហ្សាលីន

