លោក Masayoshi Son ដែលជាបុគ្គលមានបំផុតនៅប្រទេសជប៉ុន និងជាស្ថាបនិកក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាខ្នាតយក្ស SoftBank គ្រោងនឹងបោះទុនវិនិយោគទទឹកប្រាក់ចំនួន ៥០ពាន់លានដុល្លារ ទៅលើវិស័យបញ្ញាសប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

យោងតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានមានប្រសាសន៍កាលពីថ្ងៃទី២៤ ខែតុលាថា លោក Son បានកំណត់យកទីក្រុង Kuching ក្នុងរដ្ឋ Sarawak របស់ប្រទេសម៉ាឡេស៊ី និងទីតាំងផ្សេងៗទៀតក្នុងឧបទ្វីបម៉ាឡេស៊ី សម្រាប់ការស្នើសុំវិនិយោគនេះ បន្ទាប់ពីមានជំនួបតាមប្រព័ន្ធវីដេអូខលជាមួយគ្នា កាលពីដើមសប្តាហ៍នេះ។
យោងតាម លោក Anwar បានបន្ថែមទៀតថា គម្រោងទាំងនេះនឹងផ្តោតលើវិស័យបញ្ញាសប្បនិម្មិត (AI) បច្ចេកវិទ្យាកំពុងរីកចម្រើន និងមជ្ឈមណ្ឌលទិន្នន័យ ដែលអាចបង្កើតការងារកម្រិតខ្ពស់ ជាពិសេសសម្រាប់យុវជនម៉ាឡេស៊ី។
ជម្រាបជូនថា លោក Son គឺជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេសជប៉ុន ដោយផ្អែកតាមទស្សនាវដ្តី Forbes។ ទ្រព្យសម្បត្តិសរុបរបស់លោកត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥៣,៤ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៦ ខែតុលា។ លោកបានផ្តោតការវិនិយោគរបស់ក្រុមហ៊ុន SoftBank កាន់តែខ្លាំងទៅលើវិស័យបញ្ញាសិប្បនិម្មិត (AI) រួមទាំងការវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន OpenAI (អ្នកបង្កើត ChatGPT) និងការចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ AI ដែលមានឈ្មោះថា Stargate នៅក្នុងសហរដ្ឋអាមេរិក ដែលមានទំហំទឹកប្រាក់រហូតដល់ ៥០០ពាន់លានដុល្លារ ផងដែរ៕

