អន្តរក្រសួង ដែលមកពីក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិគ្រោះយោបល់ និងចុះពិនិត្យទីលើទីតាំងគម្រោងចំនួន២ នៅក្នុងភូមិភាគឦសាន។កិច្ចប្រជុំនេះ ធ្វើឡើងកាលថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៦ ដឹកនាំដោយលោក ស៊ឹម វីរៈ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ. និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី, តំណាងក្រសួង និងមន្ទីរពាក់ព័ន្ធ, និងសមាជិកអនុគណៈកម្មាធិការវិនិយោគខេត្តមណ្ឌលគិរី។

កិច្ចប្រជុំនេញ បានពិភាក្សាជាមួយម្ចាស់គម្រោងវិនិយោគដាំដុះ និងកែច្នៃកាហ្វេ ដើម្បីពិនិត្យ និងវាយតម្លៃគម្រោងសក្តានុពលក្នុងការដាំដុះ និងការកែច្នៃកាហ្វេ ព្រមទាំងដំណាំកសិកម្មចម្រុះ ដែលបានស្នើសុំការលើកទឹកចិត្តពិសេស ការអនុគ្រោះ និងការសម្រួលនីតិវិធី ។

កិច្ចប្រជុំនោះ ក្រុមការងារបានពិនិត្យពិភាក្សា និងចុះពិនិត្យទីតាំងផ្ទាល់ទីតាំងគម្រោងចំនួន២ គឺ ទី១. គម្រោងដាំដំណាំកាហ្វេ និងរោងចក្រកែច្នៃកាហ្វេ របស់ក្រុមហ៊ុន មនោរម្យ ហាយលេន ខូហ្វី ឯ.ក លើផ្ទៃដី ៥០ ហិកតា នៅសង្កាត់រមនា ក្រុងសែនមនោរម្យ ក្រោមទុនវិនិយោគប្រមាណ ២,៥ លានដុល្លារអាម៉េរិក និង ទី២. គម្រោងដាំដុះដំណាំចម្រុះ (កាហ្វេ, ធុរេន, បឺរ, ម៉ាកាដឺមៀ) រោងចក្រកែច្នៃ ឡសម្ងួត និងកសិ-ទេសចរណ៍ របស់ លោកហ៊ាន វណ្ណដា លើផ្ទៃដី ១៤៤ ហិកតា នៅឃុំដាក់ដាំ ស្រុកអូររាំង ក្រោមទុនវិនិយោគប្រមាណ ៨៥ ម៉ឺន ទៅ ១ លានដុល្លារអាម៉េរិក ។

ក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលដី និងអាកាសធាតុត្រជាក់នៃតំបន់ខ្ពង់រាបខេត្តមណ្ឌលគិរី ដែលមានលក្ខណៈអំណោយផលខ្ពស់ដល់អាជីវកម្មផលិត និង កែច្នៃកាហ្វេប្រណីត ។ លទ្ធផលនៃការជួបពិភាក្សា និងការចុះពិនិត្យទីតាំងនេះ នឹងក្លាយជាធាតុចូលសម្រាប់កិច្ចប្រជុំ ក.វ.ឦសាន ដើម្បីពិនិត្យ និង សម្រេចលើការផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធី ក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន៕ អត្ថបទ៖ហ្សាលីន

