លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ប្រាក់ឈ្នួលនៅកម្ពុជាមានការកើនឡើងជិត៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈរោងចក្រសហគ្រាសបានកើនឡើងពី៤៤ ៧៩៨ ដល់៤៥ ៣៨៦សហគ្រាស ត្រឹមខែមេសា ឆ្នាំ២០២៥នេះ។

លោក ហេង សួរ បានថ្លែងបែបនេះ នៅក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ដូច្នេះថា៖ “គិតពីដំណាច់ឆ្នាំ២០២៤ ដល់ត្រឹមខែមេសា ឆ្នាំ២០២៥ នេះ សហគ្រាស គ្រឹះស្ថាន បានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦សហគ្រាស ហើយកម្មករនិយោជិតបានកើន ពីប្រមាណ ១,៨២លាននាក់ ដល់ប្រមាណ១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូន កម្មករនិយោជិតមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៦ពាន់លានដុល្លារអាម៉េរិក។
លោកបន្តថា ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧សហគ្រាស មានកម្មករនិយោជិតប្រមាណ ៩៧ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ពាន់លាន ដុល្លារអាម៉េរិក៕


