ភាគីពាក់ព័ន្ធ រួមគ្នារៀបចំទិវាជំនួបអ្នកប្រើប្រាស់ ដើម្បីជំរុញកសិផលសុវត្ថិភាពនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភាគីពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានរួមគ្នារៀបចំទិវាជំនួបអ្នកប្រើប្រាស់នៅក្នុងខេត្តស្វាយរៀង ដើម្បីជំរុញកសិផលសុវត្ថិភាពឲ្យកាន់តែទូលាយបន្ថែមទៀត។ កម្មវិធីនេះ បានរៀបចំឡើង ក្រោមប្រធានបទ ពង្រឹងការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីកសិផលសុវត្ថភាពដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ ពិសេសមានកសិករ និងអ្នកផលិតចំនួន១៥ ខេត្តក្រុងផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិវាជំនួបអ្នកប្រើប្រាស់នេះ គឺរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង របស់សាធារណជនឱ្យស្គាល់និងយល់ពីប្រភេទផ្សេងៗនៃផលិតផល ឬ កសិផល សុវត្ថិភាពដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី។ជំរុញការប្រើប្រាស់ និងបង្កើនតម្លៃផលិតផលកសិអេកូឡូស៊ីក្នុងចំណោមអ្នកប្រើប្រាស់។លើសពីនេះ កម្មវិធីនេះ ក៏មានទិសដៅ ពង្រឹងទំនាក់ទំនង និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងអ្នកផលិត ព្រមទាំងផ្តល់ផ្តល់វេទិកាដល់សមាជិកសម្រាប់បង្ហាញការរអនុវត្តល្អៗ និងនវានុវត្តន៍ក្នុងវិស័យកសិអេកូឡូស៊ីផងដែរ។

ទាក់ទិនទិវានេះដែរ លោក ឌុច គន្ធា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានលើកឡើងដែរថា ទោះបីនិន្នាការបច្ចុប្បន្ន អ្នកប្រើប្រាស់ ចាប់ផ្តើមបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពចំណីអាហារ សុខភាព ក៏ដូចជា និរន្តរភាពបរិស្ថាន ក៏ខេត្តស្វាយរៀង នឹងបន្តប្តេជ្ញាជំរុញការផ្សព្វផ្សាយពីសុវត្ថិភាពចំណីអាហារថែមទៀត ដើម្បីជំរុញការយល់ដឹងរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តបន្ថែមទៀត។ លោករំពឹងថា តាមរយៈទិវានេះ នឹងជួយជំរុញប្រជាពលរដ្ឋអាចស្វែងយល់ពីបន្លែសុវត្ថិភាព និងសារៈប្រយោជន៍នៃការអនុវត្តន៍កសិអេកូឡូស៊ីនៅកម្ពុជា។

ទិវាខាងលើនេះ រៀបចំដោយបណ្ដាញ ALiSEA សហការជាមួយសមាជិករួមមាន៖ អង្គការ Gret និងអង្គការ DPA ក្រោម​ការគាំទ្រពីអង្គការ Uni4Coop ដោយមានការផ្តល់មូលនិធិពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រទេសបែលហ្សិក (DGD) និងសហផ្តល់មូលនិធិដោយ ទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍន៍ (SDC) ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប(EU) ។

សូមជម្រាបថា បណ្តាញកសិអេកូឡូស៊ី ហៅកាត់ បណ្តាញ ALISEA(https://alisea.org) ជាបណ្តាញសមាជិកភាពថ្នាក់ តំបន់មួយដែលផ្សារភ្ជាប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញវិវឌ្ឍនាការកសិអេកូឡូស៊ីក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបាន ប្រមូលផ្តុំសមាជិកជាង ២០០ ស្ថាប័នក្នុងប្រទេសចំនួន ៥ គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ នៅក្នុង ប្រទេសកម្ពុជាមានសមាជិកប្រមាណ ៧៨ ស្ថាប័នមកពី អង្គការកសិករ-FO អង្គការ-NGO សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ វិស័យសាធារណៈ និង វិស័យឯកជន។ បណ្តាញ ALISEA កម្ពុជា រំពឹងថា ការរៀបចំទវាជំនួបអ្នកប្រើប្រាស់នេះឡើង នឹងជួយលើកកម្ពស់ការយល់ដឹងអំពីភាពខុសគ្នានៃប្រភេទ ឬ ស្តង់ដារនៃកសិផលសុវត្ថិភាពដែលផលិត តាមការអនុវត្តកសិអេកូឡូស៊ីផ្សេងៗ ដល់អ្នកប្រើប្រាស់ ដើម្បីបង្កើនតម្លៃ និងការទទួលស្គាល់ចំពោះផលិតផល សុវត្ថិភាពទាំងនោះដែលផលិតដោយកសិករកម្ពុជា៕ អត្ថបទ៖ ពិសី