តំបន់សេដ្ឋកិច្ចពិសេស “ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍” (Cambodia SuperPort) ស្ថិតក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តម្លៃ៣០០លានដុល្លារ បានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។


ការបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort នាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីភាពប្រសើរឡើងនៃបរិយាកាសវិនិយោគនៅកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិផ្ទៃក្នុងដ៏រឹងមាំ ព្រមទាំងគោលនយោបាយបើកចំហសេដ្ឋកិច្ចទៅកាន់ទីផ្សារពិភពលោក។ កត្តាអំណោយផលទាំងនេះ បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាតិ និងអន្តរជាតិ ឱ្យមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើន សំដៅបង្កើនភាពប្រទាក់ក្រឡានៃខ្សែច្រវាក់ផលិតកម្ម និងសេវាកម្ម ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ការចំណាកស្រុក និងផ្តល់ជម្រើសការងារកាន់តែប្រសើរជូនប្រជាពលរដ្ឋកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort នឹងក្លាយជាគំរូដ៏ជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល វិស័យឯកជនក្នុងស្រុក និងដៃគូវិនិយោគអន្តរជាតិ ក្នុងការប្រែក្លាយចក្ខុវិស័យទៅជាសមិទ្ធផលជាក់ស្តែង ដែលនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។

គួរឱ្យដឹងថា គម្រោងតំបន់សេដ្ឋកិច្ចពិសេស Cambodia SuperPort នេះ មានទំហំទុនវិនិយោគប្រមាណ ៣០០លានដុល្លារអាមេរិក លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៣២ហិកតា។ នេះមិនត្រឹមតែជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសក្ដានុពលខ្ពស់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការសម្រួលដល់ការចរាចរទំនិញពីមូលដ្ឋានផលិតកម្មក្នុងស្រុក ទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ គម្រោងនេះនឹងបង្កើតបានជាចំណុចប្រសព្វដ៏សំខាន់ ក្នុងការតភ្ជាប់តំបន់ឧស្សាហកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្មទៅកាន់បណ្តាញដឹកជញ្ជូនពហុមធ្យោបាយ។ បន្ថែមពីនេះ វានឹងបង្កើតនូវប្រព័ន្ធអេកូឡូស៊ីរួមមួយ ដែលបន្ស៊ីគ្នារវាងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងភស្តុភារកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងធុរជនបានកាន់តែទូលំទូលាយ៕


