ឆ្នាំ២០២៥៖ កម្ពុជា ប្រមូលពន្ធអាករប្រមាណជាង ៣ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ២០%

សង្គម​ និង​សេដ្ឋកិច្ច

កាលពីឆ្នាំ២០២៥ កម្ពុជា បានធ្វើការប្រមូលចំណូលពន្ធនិងអាករប្រមាណជាង ៣ពាន់លានដុល្លារអាម៉េរិក ពោលគឺកើនឡើងប្រមាណ ២១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅទូទាំងប្រទេស កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា បានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗមួយចំនួនដែលសម្រេចបានក្នុងឆ្នាំ២០២៥ រួមមាន ការប្រមូលចំណូលពន្ធនិងអាករចំនួន ១២ ៧៦០,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៣ ១៨១,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ២១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៤ និងត្រូវជាប្រមាណ ១២៤,៥% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា ក៏បានបញ្ជាក់ទៀតថា កត្តាសំខាន់ដែលចូលរួមដល់កំណើននៃចំណូលប្រមូលបានក្នុងឆ្នាំ២០២៥ គឺការកើនឡើងនៃការនាំចូលក្រុមទំនិញយានយន្ត និងគ្រឿងចក្រ ដែលជាចំណូលមានកំណើន ៤៤% និងក្រុមទំនិញចម្រុះ ដែលជាចំណូលមានកំណើន ១៦%៕ អត្ថបទ៖ ហ្សាលីន