ប្រុងប្រយ័ត្ន! ក្រសួងការងារ ក្រើនរំលឹកពលរដ្ឋកុំចាញ់បោកការអូសទាញទៅធ្វើការនៅទ្វីបអាហ្វ្រិក ដែលប្រឈមហានិភ័យខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងទប់ស្កាត់ការផ្សព្វផ្សាយ និងការជ្រើសរើសពលករខ្មែរទៅធ្វើការនៅទ្វីបអាហ្វ្រិក បន្ទាប់ពីសង្កេតឃើញមានពលរដ្ឋមួយចំនួនចេញទៅធ្វើការនៅទីនោះ ខណៈកម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយនៅឡើយ ដែលអាចប្រឈមនឹងហានិភ័យខ្ពស់ រួមទាំងគ្រោះថ្នាក់ពីអំពើជួញដូរមនុស្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងបានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយ ឬការអូសទាញពីបុគ្គល ឬក្រុមហ៊ុនណាមួយ ដែលជ្រើសរើសទៅធ្វើការនៅទ្វីបអាហ្វ្រិកដោយផ្ទាល់ ឬតាមប្រទេសទី៣ ដោយសន្យាផ្តល់ប្រាក់ឈ្នួលខ្ពស់ ឬប្រាក់ឧបត្ថម្ភដល់គ្រួសារ។

ក្រសួងបញ្ជាក់ថា ការផ្សព្វផ្សាយ ឬចុះជ្រើសរើសមនុស្សចេញទៅធ្វើការនៅទ្វីបអាហ្វ្រិកជាទង្វើខុសច្បាប់ ហើយបានណែនាំឱ្យពលរដ្ឋរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចនៅជិតបំផុត ឬទាក់ទងប្រព័ន្ធ Hotline លេខ ១២៨៧ ប្រសិនបើប្រទះឃើញសកម្មភាពទាំងនេះ ឬត្រូវការព័ត៌មានបន្ថែម៕