(ភ្នំពេញ)៖ ឥណ្ឌានឹងបើកការិយាល័យអនុព័ន្ធយោធាប្រចាំនៅកម្ពុជា ក្នុងបំណងដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសឥណ្ឌា ក្នុងជំនួបជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ក្នុងរាជធានីភ្នំពេញ។

លោក Shri P. Kumaran រដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើត នៃក្រសួងការបរទេសឥណ្ឌា បានលើកឡើងពីការបើកការិយាល័យអនុព័ន្ធយោធាប្រចាំស្ថានទូតរបស់ខ្លួនពេលឆាប់ៗនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ផ្អែកលើទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរវាងកម្ពុជា និងឥណ្ឌា ជាមួយនឹងការកត់សម្គាល់អំពីសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យសំខាន់ៗ រួមមានពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ ការពារជាតិ និងសន្តិសុខ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។
ដោយក្នុងឆ្នាំ២០២៧ខាងមុខ ជាខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំសកម្មភាព និងកម្មវិធីនានារួមគ្នា ដើម្បីប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រនេះ។
ជាមួយគ្នានេះ លោក Shri P. Kumaran បានសម្ដែងក្តីរីករាយចំពោះការរីកចម្រើនភាពជាដៃគូ និងបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយកម្ពុជា រួមទាំងតាមរយៈការបង្កើនការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងការពង្រីកកិច្ចសហប្រតិបត្តិការតាមវិស័យ៕



