សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវសំហការរៀបចំការបើកបៀវត្សរ៍របស់យោធិនតាមប្រព័ន្ធធនាគារ។

បន្ថែមពីនោះ យោងតាមសេចក្តីជូនដំណឹង ស្តីពីការកែសម្រួលសេចក្តីជូនដំណឹងលេខ៥៦៥ សជណ.សរ របស់ទីស្តីការគណៈរដ្ឋមន្តី ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថៃ្ងទី២៣ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹង សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចជូន លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក្នុងករណីចាំបាច់ក្នុងការពង្រឹងនីតិវិធីកំណត់លក្ខណៈបុគ្គលនិងអត្តសញ្ញាណរបស់ ភាគទុនិក ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា សំដៅការពារផលប្រយោជន៍អតិថិជន និងការរក្សាបានជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារ៕


