លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដាក់វិធានការយ៉ាងតឹងរឹងទៅដល់មន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធឱ្យពិនិត្យនិងចាត់វិធានការផ្លូវច្បាប់ចំពោះសំណង់ទាំងឡាយណាដែលព្យាយាមបង្កើតថ្មី និងអ្នកដែលទន្រ្ទានឈូសឆាយដីធ្លីអនាធិបតេយ្យនៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ(គិរីរម្យ) ។ លោកបានថ្លែងបែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារ អាជ្ញាធរខេត្តនិងមន្ទីរជំនាញចុះពិនិត្យសំណង់ ផ្ទះលំហែដែលបាននិងកំពុងសង់ដោយខុសច្បាប់នៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ(គិរីរម្យ) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីបរិស្ថានបានពិនិត្យឃើញសំណង់ និងផ្ទះលំហែជាច្រើន គឺបាននិងកំពុងសង់ដោយខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់យ៉ាងធ្ងន់ធ្ងរសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងបរិស្ថាននៅក្នុងតំបន់ឧទ្យានជាតិ ពិសេសទេសចរណ៍ដែលមកលេងកម្សាន្តនៅក្នុងតំបន់នេះ។ មួយវិញទៀតសំណង់មិនរៀបរយទាំងនោះក៏បាននិងកំពុងសង់រំលោភចូលទៅក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យផងដែរ ដែលតម្រូវឱ្យមានការរុះរើចេញជាបន្ទាន់។

លោកបញ្ជាក់ថា ជុំវិញការរុះរើសំណង់អនាធិបតេយ្យនៅក្នុងតំបន់ឧទ្យានជាតិសុរាម្រិតកុសមៈ(គីរីរម្យ) ក៏មានការភ្ញាក់ផ្អើលផងដែរថាមានការរុះរើសាលាដូង ដោយសារតែបានសង់ចូលទៅក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យ ប៉ុន្តែក្រោយការពិនិត្យរបស់មន្ត្រីជំនាញបរិស្ថានបានបញ្ជាក់ថា សាលាដូងមិនមានការជាប់ពាក់ព័ន្ធនិងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យដែលតម្រូវឱ្យមានការរុះរើទេ។ប៉ុន្តែមានចំនុចមួយចំនួនតម្រូវឱ្យសាលាដូងត្រូវកែសម្រួលឡើងវិញ ដើម្បីបញ្ជៀសផលប៉ះពាល់ដល់បរិស្ថាន ដូចជារុះរើបណ្តាញខ្សែភ្លើង ហើយជំនួសមកវិញនូវសោឡាដែលអាចប្រើប្រាស់បានទូទៅក្រោមការឧបត្ថម្ភពីរដ្ឋមន្ត្រីបរិស្ថាន៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ




