ក្រសួងចំនួន២ ជំរុញការវិនិយោគលើការរៀបចំទារកដ្ឋាន ដើម្បីគាំពារ និងអភិវឌ្ឍកុមារតូចនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងអប់រំ និងក្រសួងការងារ បានជំរុញការគាំទ្រ ការវិនិយោគលើការបង្កើតទារកដ្ឋានប្រកបដោយស្តង់ដានៅតាមសហគមន៍ សហគ្រាស និងទារកដ្ឋានឯកជន ព្រមទាំងចែករំលែកចំណេះដឹងពីការពង្រឹងការគាំពារ និងអភិវឌ្ឍកុមារតូច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលាថ្នាក់ជាតិស្វែងរកការគាំទ្រ បានរៀបចំឡើងកាលពីព្រឹកថ្ងៃទី១២ ខែមីនា ដោយមានការចូលលរួមពី លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្ដម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថា ការយកចិត្តទុកដាក់លើការពង្រឹងយន្តការគ្រប់គ្រងទារកដ្ឋាន គឺជាសមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់កុមារតូច ដែលជាអ្នកបន្តវេនដ៏មានសក្តានុពល។

ឯកឧត្ដម ក៏បានបញ្ជាក់បន្ថែមថា ការផ្តល់សេវាទារកដ្ឋានក្នុងយុគសម័យទំនើប មិនមែនគ្រាន់តែជាការមើលថែទាំកុមារធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រព័ន្ធផ្តល់សេវាអប់រំក្នុងដំណាក់កាលដំបូងនៃជីវិត ដែលរួមបញ្ចូលនូវបំណិនគ្រប់ជ្រុងជ្រោយ តាមរយៈការរៀនសូត្រដោយការលេង ការអប់រំសង្គមនិងអារម្មណ៍ ព្រមទាំងការផ្តល់សេវាប្រកបដោយសុវត្ថិភាព សុខភាព អាហារូបត្ថម្ភ និងអនាម័យ។

នាឱកាសនោះដែរ លោករដ្ឋមន្រ្តី ហេង សួរ ក៏បានគូសបញ្ជាក់ថា ការជំរុញការយល់ដឹងដល់ភាគីពាក់ព័ន្ធ និយោជក និងអ្នករៀបចំដំណើរការទារកដ្ឋាន អំពីយន្តការគ្រប់គ្រងទារកដ្ឋានប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់បំផុត។ លោកក៏បានលើកឡើងពីការការពារសិទ្ធិស្ត្រីនៅកន្លែងធ្វើការ ឈរលើគោលការណ៍មិនរើសអើង ដូចជាការធានាការឈប់សម្រាកលំហែមាតុភាព ការអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះចាប់ពី៣ខែឡើងទៅអាចចេញធ្វើការមុនម៉ោង ការរក្សាអតីតភាពការងារ និងការហាមឃាត់ដាច់ខាតនូវការបញ្ឈប់កម្មការិនីដោយសារការមានផ្ទៃពោះ។

ទន្ទឹមនឹងនោះ រដ្ឋមន្រ្តីក្រសួងអប់រំ និងរដ្ឋមន្រ្តីក្រសួងការងារ ក៏បានបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តកិច្ចសហការ និងបង្កើនការវិនិយោគលើកុមារតូច តាមរយៈការរៀបចំទារកដ្ឋានប្រកបដោយស្តង់ដា ដើម្បីពង្រីកសេវាថែទាំ និងផ្តល់ឱកាសរៀនសូត្រក្នុងវ័យដំបូងដល់ទារកនិងកុមារតូច ប្រកបដោយសមធម៌ និងបរិយាបន្ន៕