លោក ស៊ុន ចាន់ថុល អះអាងថា ខ្សែផ្លូវនេះជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយ តភ្ជាប់ពីទីក្រុងគុនមីងប្រទេសចិន ឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងអំពីសក្តានុពលនៃកំណាត់ផ្លូវជាតិលេខ៧ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដែលបម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ មានប្រវែងសរុប ៩៣,៥៦គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងក្រុងក្រចេះ ទៅស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ​ ទី០៧ កុម្ភៈ លោក ស៊ុន ចាន់ថល បានគូសបញ្ជាក់ថា ពីសក្តានុពលនៃកំណាត់ផ្លូវជាតិលេខ ៧ ដែលមានខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេស ក្នុងន័យបម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រទេស។

ជាងនេះទៀត ខ្សែផ្លូវនេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១ (AH11) ឬរបៀងកណ្តាលរបស់មហាអនុតំបន់មេគង្គ ដែលតភ្ជាប់ពីទីក្រុងគុនមីងនៅភាគខាងត្បូងនៃប្រទេសចិន ឆ្លងកាត់ទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ កាត់រាជធានីភ្នំពេញ និងឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុ។

បើតាមលោកទេសរដ្ឋមន្រ្តី កំណាត់ផ្លូវនេះក៏ជាផ្លូវជាតិដ៏សំខាន់ប្រទាក់ក្រឡាជាមួយនឹងផ្លូវជាតិមួយចំនួនទៀត សម្រាប់ជួយជំរុញការអភិវឌ្ឍតំបន់ ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដើម្បីប្រែក្លាយតំបន់ដាច់ស្រយាលរបស់ប្រទេសទាំង៣ ជាពិសេស ខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីរបស់កម្ពុជាទៅជាតំបន់ដែលមានការអភិវឌ្ឍផងដែរ។

យ៉ាងណា សម្រាប់លោក ស៊ុន ចាន់ថុល សមិទ្ធផលថ្មីនេះគឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង៕