សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឆ្លៀតចុះពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងសិក្សាលទ្ធភាពរៀបចំកែលម្អនាពេលអនាគត ក៏ដូចជាពិនិត្យកន្លែងសម្រាប់ដាក់បង្ហាញសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រពៃណីខ្មែរនានា។

យោងតាមខ្លឹមសារបង្ហោះលើបណ្តាញសង្គមផ្លូវការ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចធិបតី បានឱ្យដឹងថា ការចុះពិនិត្យនេះផ្តោតលើលទ្ធភាពរៀបចំទីតាំងសម្រាប់ដាក់បង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ ឧបករណ៍ភ្លេងបុរាណខ្មែរ និងសម្បត្តិវប្បធម៌ ប្រពៃណីខ្មែរ ដែលបានចុះបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) ទាំងពេលកន្លងមក និងនៅថ្ងៃខាងមុខ។
ក្នុងឱកាសនោះ សម្តេចធិបតី និងគណៈប្រតិភូ ក៏បានពិនិត្យមើលសកម្មភាពសិល្បៈ ការងារជួសជុល-ចម្លាក់ វត្ថុតាំងពិព័រណ៍ក្នុងសារមន្ទីរជាតិ ព្រមទាំងបានជួបសំណេះសំណាល និងថតរូបអនុស្សាវរីយ៍ជាមួយសិល្បករ សិល្បការិនី និស្សិត យុវជន និងប្រជាពលរដ្ឋដែលកំពុងទស្សនានៅទីនោះផងដែរ៕







