ក្រសួងពាណិជ្ជកម្ម និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានជួបពិភាក្សាគ្នា ដើម្បីរួមគ្នាជំរុញអភិវឌ្ឍបន្ថែមលើវិស័យឧស្សាហកម្មកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។

កិច្ចពិភាក្សាខាងលើ បានធ្វើឡើងកាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមវត្តមានលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយលោក Enjoy Ho ប្រធានសមាគម។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានចែករំលែកព័ត៌មានគ្នាទៅវិញទៅមក និងបានពិភាក្សាស៊ីជម្រៅដើម្បីពិនិត្យលើយន្តការលើកទឹកចិត្តវិនិយោគិនបរទេស និងការជំរុញអភិវឌ្ឍបន្ថែមលើវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
នាឱកាសនោះ លោកស្រីរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានគណៈប្រតិភូ និងសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់សមាគម។

ជាមួយគ្នានេះ លោកប្រធានសមាគម ក៏បានថ្លែងអំណរគុណចំពោះលោកស្រីរដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការក្នុងការបន្តធ្វើការរួមគ្នា ដើម្បីជំរុញកំណើននៃការនាំចេញរបស់កម្ពុជា។
សូមរម្លឹកដែរថា កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើរ ក្នុងឆ្នាំ២០២៥ មានទឹកប្រាក់ជាង ១៦ពាន់លានដុល្លារ កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទឹកប្រាក់ប្រមាណជិត ១៤ពាន់លានដុល្លារ។
យោងតាមរបាយការណ៍នាំចេញទំនិញសំខាន់ៗក្នុងឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ការនាំចេញសម្លៀកបំពាក់សម្រេចបានជាង ១១ពាន់លានដុល្លារ កើនឡើងជាង ១៦.៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទឹកប្រាក់ជាង ៩.៧លានដុល្លារ។ ចំណែកការនាំចេញស្បែកជើងវិញ មានទឹកប្រាក់ជាង ២ពាន់លានដុល្លារ កើនឡើង២៤.៥៣% ខណៈការនាំចេញសម្ភារធ្វើដំណើរ និងកាបូប ទទួលបានចំណូលជាង ២ពាន់ដុល្លារ កើនឡើង៣.៨៧%។
ដោយឡែកនាំចេញទំនិញវាយនភណ្ឌ ទទួលបានទឹកប្រាក់ ៦៧៨លានដុល្លារ កើនឡើង៣៥.៨៦% បើធៀបនឹងកាលពីឆ្នាំ២០២៤ ដែលមានទឹកប្រាក់ ៤៩៩លានដុល្លារ៕អត្ថបទ៖ហ្សាលីន


