រដ្ឋមន្ត្រីការពាជាតិ​៖ កម្ពុជាគ្មានមូលដ្ឋាន​កងទ័ព​បរ​​ទេ​ស​​ដូចការ​ចោទប្រកាន់ឡើយ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជាថ្មីម្តងទៀតថា នៅក្នុង​ប្រទេស កម្ពុជា​មិនមានមូលដ្ឋានទ័ពបរទេសដូចការចោទប្រកាន់នោះឡើយ។ ហើយការកសាង​​​ហេដ្ឋា​​​​​​​រចនាសម្ព័ន្ធនៅមូល​ដ្ឋានទ័ព​សមុទ្រ​រាម គ្រាន់តែជាការធ្វើទំនើបកម្ម ដែលស្ថិត​​នៅក្នុងដែន​​​អធិប​តេយ្យ​​​របស់កម្ពុជាប៉ុណ្ណោះ មិនមែនកម្មសិទ្ធិផ្តាច់មុខ​​របស់ចិននោះទេ។ ការបញ្ជាក់ជាថ្មីរបស់សម្ដេចពិជ័យសេនា ដូចនេះបានធ្វើឡើងនៅ​ក្នុងពិធីបើក​ការដ្ឋានសាងសង់រោង​ជាងជួស​ជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃ ទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចពិជ័យសេនា បានបញ្ជាក់ថា ការបង្កើនសមត្ថភាពកងទ័ពរបស់កម្ពុជានាពេលនេះ គឺគ្មានចេតនា​​បង្ក​ការគំរាមកំហែង​ដល់ប្រទេសណាមួយដល់ប្រទេសនៅក្នុងតំបន់ទេ។ រាម គឺជាដែន​អធិបតេយ្យ​​របស់​កម្ពុជា ការចាត់ចែងប្រើប្រាស់ ឬក៏ការ​​អភិវឌ្ឍន៍ណាមួយជាសមត្ថកិច្ចរបស់កម្ពុជា ដែលការ​​​កសាង​​​នេះគឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដើម្បី​អភិ​​វឌ្ឍន៍​មូ​លដ្ឋានរាមបច្ចុប្បន្នដែល​​​មិនមានអ្វី​​ទាំង​ស់។

បន្ថែមលើនេះ ប្រមុខការពារជាតិកម្ពុជា ក៏បានបញ្ជាក់ដែរ៖ «កម្ពុជាគ្មានចេតនាបង្កការគំ​​​រាមកំហែង​​ដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរ​​បស់​​ប្រទេសដទៃនោះឡើយ។ កម្ពុជា​​គ្រាន់​​តែចង់លើកកម្រិសមត្ថភាពការពារខ្លួនឱ្យកាន់​​តែប្រសើរ​​​ឡើងថែ​​ម​​ទៀត ធានាបានភាពធន់ទប់ទល់ពីសម្ពាធ និង​​ឥទ្ធិ​​ពល នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរទៅមុខ ក្នុង​​សន្តិ​​ភាព សន្តិសុខ និងវិបុលភាព និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក (កម្ពុជាគ្មាន​​គោល​​នយោបាយ​​ជ្រើសរើស​​ប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយឡើយ)»។

ជុំវិញការចោទប្រកាន់ថា មានមូលដ្ឋានកងទ័ពបរទេសក្នុងទឹកដីប្រទេសកម្ពុជា​ កាលពីថ្ងៃទី៧ ខែមិថុនា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​​បានច្រានចោលការ​ចោទ​​ប្រកាន់​ដោយគ្មានមូលដ្ឋាន​​​ទាំងនេះ​និង​បាន​បញ្ជាក់ថា​​កម្ពុជាប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញ​​របស់ខ្លួន​​​​ដែល​មិន​​អនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេស​ណា​មួយនៅលើទឹកដីកម្ពុជាឡើយ ។

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើង​ដើម្បី​​ពង្រឹង​​​​សមត្ថភាព​​​កង​ទ័ព​​​​ជើងទឹក​របស់កម្ពុជាដើម្បីការពារបូរណភាពដែ​​នសមុទ្ររបស់ខ្លួននិងដើម្បីប្រយុទ្ធ​​ប្រឆាំង​នឹងឧក្រិដ្ឋកម្ម​​តាមដែន​​សមុទ្រប៉ុណ្ណោះ៕