ភាគហ៊ុនបណ្តាញសង្គមរបស់ លោក Trump ហក់ឡើងខ្លាំង ក្រោយ Elon Musk ប្រកាសឈប់ទិញ Twitter

អន្តរជាតិ

ភាគហ៊ុនរបស់ Digital World Acquisition Corp ដែលជាក្រុមហ៊ុនរួមគ្នាជាមួយ ក្រុមហ៊ុន Trump Media & Technology Group របស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានកើនឡើងដល់ ១៥% នៅក្នុងការជួញដូរចុងក្រោយកាលពីថ្ងៃចន្ទ បន្ទាប់ពីមហាសេដ្ឋី Elon Musk បាននិយាយថា លោកនឹងលុបចោលកិច្ចព្រមព្រៀង ក្នុងការទិញយកក្រុមហ៊ុនបណ្តាញសង្គម Twitter ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ការកើនឡើងយ៉ាង​គំហុក​​នេះ បានកើតឡើងបន្ទាប់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Musk បានប្រកាសកាលពីថ្ងៃសុក្រថា គាត់កំពុងដកខ្លួនចេញពីកិច្ចព្រមព្រៀង ក្នុងការទិញយកក្រុមហ៊ុនបណ្តាញសង្គម Twitter ដោយលើកឡើងអំពីកង្វះខាតព័ត៌មាន ជុំវិញភាគរយនៃគណនីក្លែងក្លាយ ។

រំលឹកផងដែរថា លោក Trump បានងាកទៅបង្កើតបណ្តាញសង្គមថ្មីមួយ ឈ្មោះថា Truth Social ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Trump Media & Technology Group ដែលជាកម្មវិធីស្រដៀងគ្នា ទៅនឹង Twitter ផងដែរ បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ ត្រូវបានហាមឃាត់ពី Twitter និង Facebook កាលពីខែមករា ឆ្នាំ ២០២១ ។

បញ្ជាក់ផងដែរថា បណ្តាញសង្គមថ្មីនេះ ហាក់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយ:កេរ្តិ៍ឈ្មោះរបស់ លោក Trump ដែលអាចឱ្យអ្នកគាំទ្ររបស់អតីតប្រធានាធិបតី អាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ធ្វើការប្រាស្រ័យទាក់ទងគ្នា ប៉ុន្តែបើនិយាយអំពីអ្នកប្រើប្រាស់វិញ វាហាក់មានចំនួនតិចតួចខ្លាំងណាស់ បើធៀបទៅនឹង Twitter ដោយបច្ចុប្បន្នមានអ្នកប្រើប្រាស់សកម្មប្រមាណ ២ លាននាក់ ខណ: Twitter មានអ្នកប្រើប្រាស់ដល់ទៅ ៣០០ លាននាក់ឯណោះ ៕