សម្តេច ស ខេង នឹងស្នើសុំរដ្ឋាភិបាលកំណត់ឆ្នាំផលិតរថយន្តនាំចូលមកកម្ពុជា ដើម្បីកាត់បន្ថយរថយន្តជជុះមានហានិភ័យ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងឱកាសដឹកនាំកិច្ចប្រជុំឆ្លងពង្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅ​ទីស្ដី​ការ​ក្រសួង​មហាផ្ទៃ កាលទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានឯកភាពចំពោះយោបល់ស្នើឱ្យគ.ស.ច.គ ពិនិត្យ​លទ្ធភាព​ពិចារណា​ស្នើ​សុំ​រាជ​រដ្ឋា​ភិបាល​កំណត់​ឆ្នាំ​ផលិតរថយន្តនាំចូលមកកម្ពុជា ដើម្បីកាត់បន្ថយរថយន្តជជុះមានហានិភ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងបើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរ អគ្គលេខា​ធិការដ្ឋាន​ គ.ស.ច.គ. ដែលបានខិតខំសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​រៀបចំ​សេចក្ដីព្រាងផែនការជាតិនេះឡើង។ សម្ដេច បានសម្ដែងការពេញចិត្តចំពោះផែនការនេះ ដ្បិត​មាន​ទស្សនវិស័យវែងឆ្ងាយ និងប្រាកដនិយម ក្នុងការដោះស្រាយបញ្ហាចរាចរណ៍នៅកម្ពុជា។

ជាមួយគ្នានេះ សម្ដេច​ក៏បាន​ឯកភាព​ចំពោះយោបល់​ស្នើឱ្យ​គណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ពិនិត្យលទ្ធភាពពិចារណាស្នើសុំរាជរដ្ឋាភិបាលកំណត់ឆ្នាំផលិតរថយន្តនាំចូលមកកម្ពុជា ដើម្បី​កាត់បន្ថយរថយន្តជជុះមានហានិភ័យ ខណៈ​សម្ដេច​ក៏បាន​ជំរុញ​ឱ្យខិតខំ​បន្ថែមទៀត​ក្នុងការ​ជំរុញ​ការ​បំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវផងដែរ។

គួរបញ្ជាក់ថា តាមរយៈកិច្ចប្រជុំខាងលើបានឱ្យដឹងថា ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាផែនការសកម្មភាពរយៈពេល១០ឆ្នាំ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ និងជាផែនការជាតិលើកទី២ បន្តពីលើកទី១ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១។ ផែនការនេះ ជា​ឧបករណ៍​រួមចំណែក​សម្រេច​ជោគជ័យ​នូវយុទ្ធសាស្រ្តចតុកោណរាជរដ្ឋាភិបាលកម្ពុជា និង​ស្រប​តាម​គោលនយោបាយ​ជាតិ​សុវត្ថិភាពចរាចរណ៍​ផ្លូវគោក។

យុទ្ធសាស្រ្តនៃផែនការនេះបានកំណត់គោលដៅជាក់លាក់លើរាជធានី និងខេត្តមានស្លាប់ និងរបួសច្រើន រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រះសីហនុ កំពង់ចាម សៀមរាប បន្ទាយមានជ័យ ក្រចេះ កំពង់ធំ បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ និងខេត្តកំពត ដោយផ្ដោត​លើមូលហេតុ​នាំ​ឱ្យ​មានគ្រោះថ្នាក់ ដូចជាការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ជាដើម៕