កំពង់ស្ពឺ នឹងមានអគារ​ភ្លោះ ​កម្ពស់​កប់​ពពក

សង្គម​និង​សេដ្ឋកិច្ច

គម្រោង​វិនិយោគ​​សាង​សង់​អគារ​ភ្លោះ ​ខ្ពស់​កប់ពពក​មួយ​ទៀត​​​ នឹង​លេច​ឡើង​​នៅ​ក្នុង​​ខេត្ត​កំពង់​ស្ពឺ ​នាពេល​​ខាង​មុខ។ នេះបើតាម​ប្រសាសន៍ ​លោក​ វ៉ី សំណាង អភិបាលខេត្ត​កំពង់​ស្ពឺ កាល​ពី​ពេល​ថ្មីៗ​នេះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​លោក​ វ៉ី សំណាង ​បន្ថែម​ថា​ ​អគារ​​ភ្លោះ ​នឹង​ត្រូវ​សាងសង់​​នៅ​កណ្តាល​​ក្រុង​ច្បារ​មន​ ខេត្ត​កំពង់​ស្ពឺ​ ដោយវិនិយោ​គិន​ខ្មែរ​ ខណៈ​ការសិក្សា​​ពី​គម្រោង​ និង​ប្លង់​បាន​បញ្ចប់​​រួច​រាល់​ហើយ ដោយ​រង់ចាំ​តែ​ការ​សម្រេច ពី​ប្រមុខរាជរដ្ឋាភិបា​ល​កម្ពុជា​តែ​ប៉ុណ្ណោះ។ លោក​ថា​​ការ​​សាងសង់​​អគារ​​ភ្លោះ​ខ្ពស់​កប់​ពពកនេះ ​ក៏​ជាការ​ទាក់ទាញ​​វិយោគិន​​​កាន់តែ​ច្រើន​​ឡើង​ មក​បណ្តាក់​ទុន​ក្នុងខេត្ត​កំពង់ស្ពឺ​ផងដែរ ខណៈ​​​កំពង់​ស្ពឺ​ គឺជាតំបន់​តភ្ជាប់​រវាង​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ពីរ​​​របស់​កម្ពុជា ​គឺ​​រាជធានី​ភ្នំពេញ​ និង​​​ខេត្ត​ព្រះសីហនុ​។



លោកអភិបាលខេត្ត​កំពង់ស្ពឺ ថ្លែងថា៖ ​ឥឡូវ​​នេះ​វាពាក់​​ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ ដែល​យើង​ត្រូវ​​យក​កន្លែង​របស់​រដ្ឋ​ពីរ​កន្លែង​ ដើម្បីធ្វើ​ការសាងសង់​។ ការសាងសង់​​​​នេះ គឺជាការទាក់ទាញ​មួយ​​ឱ្យ​អ្នកវិនិយោគ​សម្លឹង​មើល​ឃើញ​សក្តានុពល​សេដ្ឋកិច្ច​កម្ពុជា​ ថាពិត​ជាខ្លាំង ដែល​មិន​ធ្លាប់​មាន​​អស់​រយៈពេល​ជាង​ ៥០០​ឆ្នាំ​កន្លងមក​ហើយ​”។

ដោយ​មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុនបោះទុន​វិនិយោគ និងទំហំទឹក​ប្រាក់​ ​លោក​អភិបាល​ខេត្តបានឱ្យ​ដឹង​ថា អគារ​​ភ្លោះ​នេះទី១ មាន​កម្ពស់ ៣២ជាន់​ និងទី​២ មាន​​កម្ពស់ ​៦៤ជាន់ ដោយ​មាន​​ផ្សារ​ទំនើប អគារ​ការិយាល័យ និង​​កន្លែង​​កម្សាន្ត​ជាដើម​។

ក្រៅពីអគារ​ពាណិជ្ជកម្ម​ខាង​លើ​ កំពង់ស្ពឺ​ ក៏​ជាខេត្តដែ​លកំពុងតែមានសក្តានុពលផ្នែករោងចក្រឧស្សាហកម្ម និងកសិឧស្សាហកម្មខ្ពស់ជាងខេត្តនានាផងដែរ ជាក់ស្តែង​​កាលពី​ថ្ងៃទី ៩-១០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ លោក វ៉ី សំណាង ដែល​បាន​បំពេញទស្សនកិច្ចនៅខេត្តក្វាងទុង សាធារណៈរដ្ឋប្រជាមានិតចិន បាន​អះអាងថា ប្រតិភូកម្ពុជាបានទទួលលទ្ធផលជាវិជ្ជមាន ដោយទទួលការវិនិយោគបន្ថែម និងធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើច្រើន ព្រមទាំងការអភិវឌ្ឍរោងចក្រយីហោល្បីៗចំនួន ៩​ក្រុមហ៊ុន ក្នុងនោះរាប់​បញ្ចូល​ទាំង​ក្រុមហ៊ុន​ទូរសព្ទចំនួន ២គឺ OPPO និង VIVO​ ដែល​សរុប​ទុនវិនិយោគខ្ទង់ពាន់​លាន​​ដុល្លារអាមេរិក សម្រាប់មកវិនិយោគក្នុងទឹកដីខេត្តកំពង់ស្ពឺឆ្នាំ ២០១៩ នេះ៕

ប្រភព៖ Sabay News អត្ថបទ៖ សុផល

0 Shares