តើឪពុកក្មេកលោកបណ្ឌិត ហ៊ុន ម៉ាណែត កំពុងកាន់តួនាទីអ្វីខ្លះ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា?

សង្គម​និង​សេដ្ឋកិច្ច

លោកបណ្ឌិត ពេជ សោភ័ន ដែលជាឪពុកបង្កើត​របស់​លោក​ជំទាវ ពេជ ចន្ទមុន្នី និង​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​បណ្ឌិត ហ៊ុន ម៉ាណែត ​បេក្ខភាព​​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នា​ពេល​អនាគត គឺ​​​ជា​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ កំពុង​កាន់​តួនាទី​ជា​ច្រើន​ ​​ទាំង​​នៅ​ក្រសួង ការងារបក្ស និង​ក្រុមការងារ​សង្គម​ផ្សេងៗ​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ២០២១ លោកបណ្ឌិត ពេជ សោភ័ន ​​​ត្រូវ​បាន​ព្រះមហាក្សត្រ​ ចេញ​ព្រះ​រាជក្រឹត្យ​​តែងតាំង​មុខ​តំណែង​ជា “រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្រ្តី” បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ខណៈ​ដែល​បច្ចុប្បន្ន​លោក​ជា​ រដ្ឋលេខាធិការ​ប្រចាំការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បន្ថែម​ពី​នេះ ​​លោក​បណ្ឌិត ពេជ សោភ័ន ជាអនុប្រធានគណៈកម្មាធិការរណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិ​កម្ពុជា​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ​​ដែល​មាន​​លោក​បណ្ឌិត អ៊ិត សំហេង ជាប្រធានគណៈកម្មាធិការ​រណសិរ្សសាមគ្គី​អភិវឌ្ឍន៍មាតុភូមិកម្ពុជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ហើយលោក ក៏ជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា, អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល, នាយកគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C)។

ចំណែក​ឯ​​ការងារ​នៅ​ក្នុង​ជួរ​គណបក្ស​វិញ លោក​បណ្ឌិត ពេជ សោភ័ន ជា​អនុប្រធានក្រុមការងារគណបក្ស​ចុះ​មូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ ​ក្រោម​ការ​ដឹកនាំ​របស់​កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ។ លោក ក៏​ជា​អនុប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

គួរ​បញ្ជាក់​ថា កូនស្រី​របស់​លោក​បណ្ឌិត ពេជ សោភ័ន គឺ​លោក​ជំទាវ ពេជ ចន្ទមុន្នី ​​បាន​រៀប​​អាពាហ៍​ពិពាហ៍​ជាមួយ​កូន​ប្រុស​ច្បង​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក​បណ្ឌិត ហ៊ុន ម៉ាណែត កាល​​ពី​ថ្ងៃទី​០៧ ខែមករា ឆ្នាំ២០០៦ ដែល​មក​ដល់​បច្ចុប្បន្ន​ ចំណងអាពាហ៍ពិពាហ៍នេះ ទទួលបានចំណងដៃ​កូនស្រី ២នាក់ និងកូនប្រុសម្នាក់៕