លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានរាយការណ៍អំពីលទ្ធផលជាវិជ្ជមាននៃការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលក្នុងឆ្នាំ២០២៥ ដោយកម្ពុជារក្សាបាននូវកំណើនផលនេសាទ ពិសេសត្រីទឹកសាបមានការកើនឡើងប្រមាណ១០% ធៀបនឹងឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោក ពុំ សុថា បានបញ្ជាក់ថា ការកើនឡើងនៃផលនេសាទទឹកសាបនេះ ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន។
លោកបន្តថា ការកើនឡើងនូវផលនេសាទនេះ នាំឱ្យមហាជនមានការអបអរសាទរនិងសប្បាយរីករាយ។ ទន្ទឹមនឹងការកើនឡើងផលនេសាទ សត្វផ្សោតទន្លេមេគង្គក៏មានការកើនឡើងចំនួន៧ក្បាល គឺពី១០៤ក្បាល ដល់ ១១១ក្បាល។

សម្រាប់ទិសដៅអនុវត្តបន្ត លោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃ រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ត្រូវយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗដូចជា ត្រូវពង្រឹងការការពារ និងការអភិរក្សធនធានជលផល ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលឱ្យបានម៉ឺងម៉ាត់និងស្រាវជ្រាវអត្តសញ្ញាណជនសង្ស័យប្រព្រឹត្តបទល្មើស ត្រូវពង្រឹងការគ្រប់គ្រងវារិជាតិ និងការធ្វើអាជីវកម្មផល ផលិតផលជលផល ប្រកបដោយប្រសិទ្ធភាព ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្ម សិក្សាតម្រូវការទីផ្សារដើម្បីរៀបចំផែនការផលិតកម្មច្បាស់លាស់ និងលើកទឹកចិត្តវិស័យឯកជនក្នុងការវិនិយោគផ្នែកវារីវប្បកម្ម និងត្រូវពង្រឹងគុណភាព សុវត្ថិភាពផល ផលិតផលជលផល និងខ្សែច្រវាក់តម្លៃផលជលផល ដើម្បីលើកកម្ពស់ផលិតកម្មតាមស្តង់ដារ៕

