ឆ្នាំ២០២២៖ សេដ្ឋកិច្ចពិភពលោក​ខាតបង់ប្រមាណ​ ៣១៣ ប៊ីលានដុល្លារ ដោយសារការប្រែប្រួលអាកាសធាតុ

សង្គម​និង​សេដ្ឋកិច្ច

ការប្រែប្រួលអាកាសធាតុបានកើតឡើងកាន់តែញឹកញាប់ និងបានបង្កជាហានិភ័យសង្គម សេដ្ឋកិច្ចចម្បងមួយ។ ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកមានការខាតបង់ប្រមាណ ៣១៣ ប៊ីលាន ដុល្លារអាមេរិក ប្រហាក់ប្រហែលនឹង ០,៣% នៃផ.ស.សពិភពលោកដោយសារគ្រោះមហន្តរាយ ធម្មជាតិ ខណៈការប្រែប្រួលអាកាសធាតុ ក៏បានក្លាយជាប្រធានបទយ៉ាងសំខាន់ទាំងក្នុងក្របខណ្ឌជាតិ និង អន្តរជាតិ។ នេះបើតាមការឱ្យដឹងរបស់ធនាគារជាតិនៃកម្ពុជា ស្ដីពី “ហានិភ័យអាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង” កាលពីថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា កម្ពុជាបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការពារបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ទាំងនៅក្នុងប្រទេសព្រមទាំងក្របខណ្ឌពីភពលោកនិងតំបន់ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបាននិង កំពុងអនុវត្តផែនការយុទ្ធសាស្រ្តការប្រែប្រួសអាកាសធាតុឆ្នាំ២០១៤-២០២៣ ដើម្បីកំណត់ទស្សនវិស័យ សម្រាប់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង។

ជាងនេះទៀត ធនាគារជាតិនៃកម្ពុជា ក៏បានវិនិយោគមួយផ្នែកនៃទុនបម្រុងរបស់ខ្លួនលើសញ្ញាប័ណ្ណបៃតង និងបានក្លាយជាសមាជិកនៃគណៈកម្មការមូលនិធិ សញ្ញាប័ណ្ណបៃតងក្នុងតំបន់អាស៊ី។ អន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង ត្រូវបានគេឱ្យនិយមន័យ ថាជាការផ្លាស់ប្ដូរសង្គមនិងសេដ្ឋកិច្ច ក្នុងបរិបទនៃការរក្សាភាពបរិស្ថាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ រក្សាបាននូវសុខុមាលភាពសង្គម និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

យ៉ាងណាមិញ ដើម្បីលើក កម្ពស់ការស្រាវជ្រាវស៊ើបខាងលើ ធនាគារជាតិនៃកម្ពុជាបានជ្រើសរើស ប្រធានបទស្រាវជ្រាវសម្រាប់សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១០ ឆ្នាំ២០២៣ ស្តីពី៖ “ហាវិភ័យ អាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង»។ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចផ្ញើសំណើស្រាវជ្រាវជុំវិញប្រធានបទគោលនេះមកកាន់នាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និង សហប្រតិបត្តិការអន្តរជាតិ។ ប្រធានបទស្រាវជ្រាវអាចស្នើឡើងដោយបេក្ខជនដើម្បីឱ្យការសិក្សា មានភាពសម្បូរបែបសម្រាប់វិស័យនានា ដោយធនាគារជាតិនៃកម្ពុជានឹងផ្តល់ការគាំទ្រ ព្រមទាំងការប្រឹក្សា យោបល់ក្នុងដំណើរការស្រាវជ្រាវផងដែរ។

លើសពីនេះ បន្ទាប់ពីការស្រាវជ្រាវត្រូវបានបញ្ចប់ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១០ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយលទ្ធផល ស្រាវជ្រាវ និងពង្រឹងបណ្ដាញទំនាក់ទំនងក្នុងការងារស្រាវជ្រាវ ខណៈសន្និសិទនេះ នឹងមានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិផងដែរ៕

អត្ថបទ៖ ពិសី