ពលរដ្ឋនៅភូមិបរចាម និយមលក់នំបញ្ចុកគោកតាមគ្នាទោះបីដឹងថាបានប្រាក់ចំណេញតិចតួច

សង្គម​និង​សេដ្ឋកិច្ច

ស្របពេលការស្ថាបនាផ្លូវជាតិលេខ២ មានលក្ខណៈល្អប្រសើរគេសង្កេតឃើញថាប្រជាពលរដ្ឋមួយចំនួនស្ថិតនៅឃុំចំបក់ស្រុកបាទីខេត្តតាកែវ បានប្រកាន់ភ្ជាប់នៅអាជីវកម្មបែបប្រពៃណីតាមរយៈការផលិតនិងលក់នំបញ្ចុកគោកឬនំបញ្ចុកគីឡូតាមគ្នា ទោះបីដឹងថារបរមួយនេះរកបានប្រាក់ចំណេញតិចតួចយ៉ាងណាក៏ដោយពេញចិត្តនឹងការលក់នំបញ្ចុកគោកជាជាងលក់នំបញ្ចុកដាក់ឬលាយទឹកសម្លនិងប្រើគ្រឿងផ្សំផ្សេងទៀត ខណៈនំបញ្ចុកគោកថ្លៃត្រឹមតែ២៥០០រៀលក្នុងមួយគីឡូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក លុន ភារិន

លោក លុន ភារិន មានអាយុ៧១ឆ្នំារស់នៅភូមិឃុំខាងលើ ដែលបច្ចុប្បន្នកំពុងប្រកបមុខរបរធ្វើនំបញ្ចុកគោកលក់បានឱ្យដឹងថារបរធ្វើនំបញ្ចុកលក់រាល់ថ្ងៃនេះគឺលោកធ្វើតពីឪពុកម្តាយ ហើយមុខរបរធ្វើនំបញ្ចុកលក់នេះមានការលំបាកណាស់ទម្រំាបានយកមកហូបឬដាក់លក់ជូនដល់ពលរដ្ឋរស់នៅក្នុងតំបន់។ប៉ុន្តែមកដល់សព្វថ្ងៃនេះការធ្វើនំបញ្ចុកលក់ហាក់មានភាពងាយស្រួលនិងធ្វើនំបានលឿន តាមរយៈការកែច្នៃដោយប្រើម៉ាស៊ីន។

លោក លុន ភារិន បញ្ជាក់ថា« រាល់ថ្ងៃខ្ញុំធ្វើនំបញ្ចុកគោកលក់ពីរនាក់ប្រព័ន្ធ ហើយនៅថ្ងៃធម្មតាធ្វើនំបញ្ចុកលក់ចំនួន៤០គីឡូ តែបើលក់ដាច់បានច្រើនយើងបង្កើនធ្វើនំដល់៥០ឬ៦០គីឡូក្នុងមួយថ្ងៃ។ សម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យបើមានគេកំម្ម៉ង់អាចធ្វើនំដល់១៥០គីឡូក្រាមក្នុងមួយថ្ងៃ»។

បើតាមលោកលុនភារិន មូលហេតុ ឬហេតុផលដែលនាំឱ្យពលរដ្ឋដែលជាអ្នកលក់នំបញ្ចុកគោកអមតាមដងផ្លូវជាតិលេខ២ ស្ថិតនៅចំណុចភូមិបរចាមមិនចូលចិត្តលក់នំបញ្ចុកដាក់ទឹកសម្លដូចនៅកន្លែងផ្សេងទៀតដោយសារពួកគាត់គិតថាវាមានការលំបាកដូចជាត្រូវលានចាន ត្រូវទៅរកទិញម្ហូបនិងគ្រឿងមកស្លធ្វើជាទឹកនំ ហើយបើលក់មិនអស់ខាតលុយច្រើន។ម្យ៉ាងទៀតពួកគាត់អត់មានកូនចៅនៅចំាជួយដោយពួកគេទៅធ្វើនៅរោងចក្រ ដល់អីចឹងគ្រប់គ្នាសុខចិត្តលក់នំបញ្ចុកគោកឬហៅថានំបញ្ចុកគីឡូវាមានភាពងាយស្រួលជាងការធ្វើនំបញ្ចុកដាក់ឬលាយទឹកសម្លនិងគ្រឿងផ្សំផ្សេងទៀត ។

អ្នកស្រី ហឿន ស្រីពេជ្រ បានឱ្យដឹងថា«ខ្ញុំទើបចាប់ផ្តើមលើកនំបញ្ចុកលក់បន្តបានពីរខែហើយមិនដែលជួបការខាតបង់ប្រាក់ដោយសារនំបញ្ចុកសល់នោះទេ។ក្នុងមួយថ្ងៃលើកនំបញ្ចុកលក់បន្តចំនួន៣០គីឡូក្រាមដោយក្នុងមួយថ្លៃ២០០០រៀលហើយលក់ចេញទៅវិញក្នុងតម្លៃ២៥០០រៀលក្នុងមួយគីឡូក្រាម»។

អ្នកស្រី ហឿនស្រីពេជ្រ

តាមអ្នកស្រី ហឿនស្រីពេជ្រ ការលក់នំបញ្ចុកគោកនេះគឺអ្នកស្រី ចាប់ដាក់លក់នៅមុខផ្ទះលើដងផ្លូវជាតិតំាងពី៦ព្រឹកទៅដល់ម៉ោង៧យប់ទើបលក់អស់ តែនៅពេលខ្លះដាក់មិនបានប៉ុន្មានផងលក់អស់នំក៏មាន ហើយនំបញ្ចុកគោកភាគច្រើនទទួលបានការគាំទ្រពីបងប្អូនកម្មករធ្វើការនៅតាមរោងចក្រទិញយកទៅហូបនៅតាមផ្ទះឬកម្មវិជួបជុំ។ ប្រជាពលរដ្ឋដែលចាប់របរធ្វើនំបញ្ចុកលក់ឬលើកនំបញ្ចុកលក់បន្តនៅភូមិបរចាមក្រៅពីអំពាវនាវទៅដល់ប្រជាពលរដ្ឋផ្សេងទៀតដែលចូលចិត្តហូបនំបញ្ចុក ពេលបានធ្វើដំណើរឆ្លងកាត់សូមឈប់ជួយទិញនំបញ្ចុកផងនោះក៏បានអះអាងការធ្វើនំបញ្ចុករបសពួកគាត់នៅក្នុងតំបន់ធ្វើឡើងតាមបែបធម្មជាតិមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគនោះទេ៕ អត្ថបទ៖សារេត