រំលឹកពេល​​កូន​ៗចេះអាន ចេះ​​សរសេរ​ដំបូង អ្នក​ឧកញ៉ាគិត ម៉េង​ មាន​តែ​ចំណេះដឹង​ទេ ទើប​ផ្លាស់ប្តូរ​ប្រទេស​មួយ​អភិវឌ្ឍរីកចម្រើន​ទៅមុខ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ខំរៀនមធ្យមងំគឺខំអាន ទើបយើងអាចក្លាយជាមនុស្សពេញលក្ខណ:។ យើងមិនអាចលូតលាស់តែរាងកាយបានទេ តែយើងត្រូវតែលូតលាស់ផ្នែកចំណេះដឹងផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេដ្ឋី​លំដាប់​ប្រទេស​អ្នក​ឧកញ៉ា​គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប បានរំលឹកការ​ចងចាំនៅពេលដែលកូនៗអ្នក​ឧកញ៉ា​ទាំងអស់រៀនពីរបៀបអាននិងសរសេរជាលើកដំបូង។ គ្រានោះបានផ្តល់ឱ្យអ្នក​ឧកញ៉ា​នូវក្តីអំណរនិងក្តីសង្ឃឹមដែលមិនអាចពណ៌នាបាន ជាមួយ​ទំនុកចិត្តថាអនាគតរបស់កូនៗនឹងភ្លឺស្វាង។

នៅក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ-អន្តរជាតិ អ្នកឧកញ៉ាគិត ម៉េងបានមានប្រសាសន៍រៀបរាប់នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកថា អក្ខរកម្មគឺជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពមួយរបស់ពិភពលោក។ គោលបំណងនៃការប្រារព្ធទិវាអក្ខរកម្មជាតិ-អន្តរជាតិ គឺដើម្បីស្វែងយល់ពីបញ្ហាដែលកំពុងប្រឈម ព្រមទាំងរួមគ្នាស្វែងរកដំណោះស្រាយ។

អ្នក​ឧកញ៉ាជឿជាក់យ៉ាងមុតមាំថា ការអប់រំមានសារៈសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗ ហើយ​ការអភិវឌ្ឍធនធានមនុស្សជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងវប្បធម៌ទាំងមូល។  ការជាប់ទាក់ទងគ្នារវាងការអប់រំនិងភាពក្រីក្រគឺជាភស្តុតាងជាក់ស្តែងដែលមិនអាចប្រកែកបានពី​សារៈសំខាន់នៃអក្ខរកម្ម។ ការអប់រំផ្តល់នូវចំណេះដឹងដែលអាចធ្វើឱ្យមានភាពចល័តនៃសេដ្ឋកិច្ចសង្គម ហើយពិតណាស់ការអប់រំគឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ដើម្បីជំរុញឱ្យយើងរួចផុតពីភាពក្រីក្រ។  អក្ខរកម្មដឹកនាំសហគមន៍ឆ្ពោះទៅរកការពង្រឹងអំណាចសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាពនិងស្ថិរភាព។

កន្លងមកអ្នកឧកញ៉ាគិត ម៉េងតែងតែយកចិត្តទុកដាក់ចូលរួមជួយអភិវឌ្ឍវិស័យអប់រំនៅប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាលតាមរយៈសកម្មភាពក្រុមហ៊ុននានាដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមមានក្រុមហ៊ុន wing ក្រុមហ៊ុន cellcard ក្រុមហ៊ុន infinity និងក្រុមហ៊ុន ezecom ជាដើម ។ ហើយរួមទាំងបានបង្កើតសាលាឯកជនមួយដែលមានឈ្មោះថាសាលាអន្តរជាតិ southbridg កម្ពុជា  ផងដែរ ។

គួរបញ្ជាក់ផងដែរថា ទិន្នន័យពីធនាគារពិភពលោកបានបង្ហាញថា អក្ខរកម្មមនុស្សពេញវ័យនៅប្រទេស​កម្ពុជាក្នុងឆ្នាំ២០០៩ មានចំនួន ៧៦,១៤%។ មួយទសវត្សរ៍ក្រោយមក របាយការណ៍ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ បានបង្ហាញពីអត្រាអក្ខរកម្មមនុស្សពេញវ័យសរុប ៨៧,៧% ដែលជាការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងបេសកកម្មអក្ខរកម្មក្នុងប្រទេស។