កូនប្រុស​ទាំង ៣ សម្តេច​តេជោ ជួប​មេដឹកនាំ​វៀតណាម ក្នុងពិធីទទួលទានអាហារពេលព្រឹក

សង្គម​និង​សេដ្ឋកិច្ច

កូនប្រុសទាំងបីរបស់សម្តេចតេជោហ៊ុន សែន​ គឺ ឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមនៅក្នុងពិធីទទួលទានអាហារពេលព្រឹកដែលបានចំណាយពេលប្រមាណ ១ម៉ោង នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម​មក​​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបអាហារពេលព្រឹកនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សំដែងការស្វាគមន៍ចំពោះឯកឧត្តមប្រធានរដ្ឋវៀតណាម ដែល​អញ្ជើញមកទទួលទានអាហារការងារពេលព្រឹកដល់ភូមិគ្រឹះរបស់សម្តេច។ សម្តេចតេជោបានមានប្រសាសន៍សំដែងនូវការសោកស្តាយ ដែលភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនមានវត្តមានក្នុងពិធីទទួលទានអាហារពេលព្រឹកនេះ ដោយសាតែភរិយារបស់សម្តេចមានបញ្ហាសុខភាពបន្តិចបន្តួច ប៉ុន្តែមានវត្តមានកូនប្រុសទាំងបីរបស់សម្តេច គឺ ឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមនៅក្នុងពិធីនេះ។

នៅក្នុងជំនួបអាហារការងារពេលព្រឹកនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និង ឯកឧត្តមប្រធានរដ្ឋវៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់សាជាថ្មីម្តងទៀត ចំពោះលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងរបស់ ឯកឧត្តម ង្វៀន សួនហ៊្វុក មកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីឯកឧត្តមត្រូវបានជ្រើសតាំងជាប្រធានរដ្ឋវៀតណាម កាលពីពេលថ្មីៗ​កន្លងទៅ​នេះ។

សម្តេច​នាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានរដ្ឋវៀតណាម បានធ្វើការផ្លាស់ប្តូរយោបល់ពីគ្នាទៅវិញទៅមកជុំវិញការងារ មួយចំនួនដែលសម្តេច និងឯកឧត្តមប្រធានរដ្ឋ ធ្លាប់បានធ្វើការជាមួយគ្នា ក្នុងនាមជាប្រមុខរដ្ឋាភិបាល និងការដោះស្រាយបញ្ហាធំៗជាច្រើន ដែលបម្រើផលប្រយោជន៍ឲ្យប្រទេស និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ពិសេសការខិតខំជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ភាគីទាំងពីរក៏បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ និងបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ និងការការពារវិនិយោគ និងកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្ម តាមបែបថ្មី និងបានព្រមព្រៀងគ្នា ជំរុញការរៀបចំផែនការមេ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម។ ជាមួយគ្នា​នេះ​ក៏បានឯកភាព ក្នុងការពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន និង​ពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅកាន់ការទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន វិញ្ញាបនបត្របញ្ជាក់វ៉ាក់សាំង ដើម្បីសម្រួលលើការធ្វើដំណើររបស់ប្រជាជនទាំងសងខាងផង សម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជន និងប្រទេសទាំងពីរផង។

លើសពីនោះទៀត ភាគីទាំងពីរ ក៏បានឯកភាពក្នុងការជំរុញនិងពង្រឹងលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យសុខាភិបាល វិស័យអប់រំ វិស័យយុត្តិធម៌ និងការតភ្ជាប់គ្នារវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ និងក្នុងតំបន់៕