ក្រុមហ៊ុនចិនមួយ មានគម្រោងវិនិយោគលើផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍ធ្វើរោគវិនិច្ឆ័យទំនើប នៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. ដែលជាក្រុមហ៊ុនមួយរបស់ចិន មានគម្រោងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះនៅលើទីផ្សារកម្ពុជា និងនៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Li Laiqing អគ្គនាយក ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd.នៅថ្ងៃទៅ០៤ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងជំនួបនោះ ក្រុមហ៊ុន Guangzhou Youdi Bio-technology មានគម្រោងក្នុងការបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះនៅលើទីផ្សារប្រទេសកម្ពុជា និងនៅក្នុងតំបន់។

បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបង្ហាញពីគោលបំណងក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្ត ដែលរួមបញ្ចូលលើការផលិតសម្ភារវេជ្ជសាស្រ្ត កន្លែងសិក្សាស្រាវជ្រាវនវានុវត្ត មន្ទីរពេទ្យ និងគ្លីនិកផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Guangzhou Youdi Bio-Technology Co., Ltd. គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀត ដែលឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានធ្វើទស្សនកិច្ចក្នុងកំឡុងដំណើរទស្សនកិច្ចគោះទ្វារទាក់ទាញវិនិយោគិន នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

ក្រុមហ៊ុនចិនមួយនេះ បង្កើតឡើងនៅក្នុងឆ្នាំ២០១០ ដែលជាសហគ្រាសវេជ្ជសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមានឯកទេសក្នុងការអភិវឌ្ឍ ផលិត ចែកចាយវត្ថុធាតុដើមឱសថ សារធាតុសម្រាប់ផលិតផលិតផលវេជ្ជសាស្ត្រ និងបច្ចេកវិទ្យារោគវិនិច្ឆ័យ។ក្រុមហ៊ុននេះ ក៏មានការរួមបញ្ចូលការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត ការចែកចាយ សេវាកម្មស្រាវជ្រាវរកបច្ចេកវិទ្យា វិទ្យាសាស្ត្រដែលទាក់ទងនឹងថ្នាំ និងឧបករណ៍ធ្វើតេស្តរោគវិនិច្ឆ័យជាដើម៕