កម្ពុជា-វៀតណាម បញ្ជាក់រួមគ្នាថា ទោះក្នុងបរិការណ៍តំបន់ និងអន្តរជាតិវិវត្តយ៉ាងស្មុគស្មាញ ចំណងមិត្តភាពរវាងប្រទេសទាំងពីរមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  ប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានគូសបញ្ជាក់រួមគ្នាថា ទោះក្នុងបរិការណ៍តំបន់ និងអន្តរជាតិ កំពុងវិវត្តយ៉ាងស្មុគស្មាញ និងមិនប្រាកដប្រជាយ៉ាងណាក្តី ភាពជាអ្នកជិតខាងល្អ និងចំណងមិត្តភាពកម្ពុជា-វៀតណាម មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ និងនៅតែបន្តរឹងមាំ ផ្អែកលើសច្ចភាពនៃការជួយគាំទ្រគ្នាវិញទៅមក ដើម្បីការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងវិបុលភាពរួម ដែលបានបង្ហាញច្បាស់តាមរយៈទិដ្ឋភាពចម្បងចំនួន៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងឱកាសដែលសម្តេចកិត្តិសង្គហបណ្ឌិត ដឹកនាំគណៈប្រតិភូរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ទៅរដ្ឋធានីហាណូយ និងចូលជួបសម្តែងការគួរសមជាមួយ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

ទិដ្ឋភាពចម្បងចំនួន៣ដែលរឹតចំណងមិត្តភាពកម្ពុជា-វៀតណាម មិនអាចកាត់ផ្តាច់ពីគ្នាបាននោះគឺ៖

ទី១-កត្តាប្រវត្តិសាស្ត្រ៖ ប្រទេសយើងទាំងពីរ តែងជួយគ្នាទៅវិញទៅមកគ្រប់គ្រាលំបាក។ កម្ពុជា បានជួយជ្រោមជ្រែងវៀតណាមក្នុងបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និងឯករាជ្យភាពនៅទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ ហើយក៏មិនអាចបំភ្លេចបាននូវការគាំទ្រទាន់ពេលវេលា និងមិនអាចខ្វះបានពីភាគីវៀតណាម ទាំងផ្នែកនយោបាយ និងសម្ភារៈ ជាពិសេសកងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការជួយរំដោះប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម នៅទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។

ទី២-កត្តាសេដ្ឋកិច្ច៖ ជាប្រទេសភូមិផងរបងជាមួយគ្នា កម្ពុជា និងវៀតណាម តែងគាំទ្រ សាទរសមិទ្ធផលសម្រេចបានក្នុងមាគ៌ានៃការកសាងអភិវឌ្ឍជាតិទៅវិញទៅមក ហើយបន្តបំពេញបន្ថែមឱ្យគ្នា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី និងរួមចំណកដល់សមាហរណកម្មសេដ្ឋកិច្ចតំបន់ រួមទាំងប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០ពាន់លានដុល្លារអាមេរិក នាអនាគត។ ក៏សូមកត់សម្គាល់នូវភាពជោគជ័យរបស់វៀតណាមក្នុងការកែទម្រង់ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយកំពុងក្លាយជាកម្លាំងសេដ្ឋកិច្ចសំខាន់មួយក្នុងតំបន់។

ទី៣-កត្តាសង្គមវប្បធម៌៖ ការផ្លាស់ប្តូរវប្បធម៌ ប្រពៃណី និងទំនាក់ទំនងប្រជាជន-ប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃទំនាក់ទំនងដ៏ជិតស្និទ្ធ មិត្តភាពយូរអង្វែងរវាងយុវជនជំនាន់ក្រោយ ព្រមទាំងការពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដែលបន្តជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ  ដើម្បីបន្តនាំមក និងថែរក្សានូវផលជាផ្លែផ្កាជាក់ស្តែងសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ៕