Korean Air នឹងលក់ដីរបស់ខ្លួនមួយកន្លែង ក្នុងតម្លៃ ៤៧០ លានដុល្លារ ដើម្បីស្រោចស្រង់ក្រុមហ៊ុនឡើងវិញ

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines Co. របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ២៣ ធ្នូថា ខ្លួននឹងប្រមូលបានទឹកប្រាក់ប្រមាណ ៤៧០ លានដុល្លារអាមេរិក ពីការលក់អចលទ្រព្យ ដើម្បីធ្វើការកែប្រែស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ចំពេលទទួលបានផលប៉ះពាល់ខ្លាំង ដោយសារការរីករាលដាលនៃកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង Korean Air បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ដីមួយកន្លែង រួមទាំងអគារ ក្នុងសង្កាត់ Songhyeon-dong ដែលស្ថិតនៅកណ្តាលទីក្រុងសេអ៊ូល ទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានសាធារណ: Korea Land & Housing Coup.(LH) ។

យ៉ាងណា ជុំវិញការលក់អចលទ្រព្យនេះ ត្រូវបានគេរំពឹងថានឹងអាចជួយសម្រាលការលំបាក់ផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់កូរ៉េខាងត្បូងមួយនេះ បានមួយផ្នែកធំ ។

គួរឲ្យដឹងផងដែរថា កាលពីខែកុម្ភ:ឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានប្រកាសពីផែនការ ក្នុងការលក់ចេញដីដែលទំនេរចោលរបស់ខ្លួន នៅក្នុងទីក្រុងសេអ៊ូល និងអចលនទ្រព្យដែលមិនសូវសំខាន់ផ្សេងទៀត ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់ នៅក្នុងឧស្សាហកម្មអាកាសចរណ៍ដែលរងគ្រោះដោយកូវី ១៩ ។

បញ្ជាក់ថាក្រុមហ៊ុន Korean Air បានទិញយកដីមួយកន្លែងនៅក្នុងសង្កាត់ Songhyeon-dong ពីក្រុមហ៊ុន Samsung Life Insurance Co. ក្នុងឆ្នាំ ២០០៩ ហើយគ្រោងនឹងអភិវឌ្ឍធ្វើជាអគារវប្បធម៌។

ប៉ុន្តែយ៉ាងណាក៏ដោយ គម្រោងអភិវឌ្ឍន៍មួយនេះ បានប្រឈមមុខជាមួយនឹងឧបសគ្គជាច្រើន ដូចជាការរឹតបន្តឹងទៅលើកម្ពស់នៃអគារ និងច្បាប់រក្សាទ្រព្យសម្បត្តិវប្បធម៌ជាដើម ដោយសារតែដីនេះ មានទីតាំងស្ថិតនៅជិតការិយាល័យប្រធានាធិបតី Cheong Wa Dae និងវិមាន Gyeongbok ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃបំផុតមួយរបស់ប្រទេស៕

ប្រភព: YonhapNews