ខួប ៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាព (PKO) ជប៉ុននឹងស្នើលោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

លោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា៖ “ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ហើយជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា ហើយក៏នឹងស្នើលោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន”។ លោក មីកាមិ ម៉ាសាហ៉ីរុ ថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន នៅភូមិគ្រឹះសម្តេចផ្ទាល់ស្ថិតនៅក្រុងតាខ្មៅ នាព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 8 people, people sitting, people standing and indoor

ចំពោះការស្នើលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន និងការចូលចតនូវនាវាស្វ័យការពារជើងទឹកនៅកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី ក៏បានសូមស្វាគមន៍ និងបានលើកឡើងថា ក្នុងខួប៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) នៅឆ្នាំ២០២២ ខាងមុខនេះ យើងគប្បីណាធ្វើខួបនេះឱ្យក្លាយទៅជាការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ។

ទាក់ទងទៅនឹងវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន លោក មីកាមិ បានជម្រាបជូនសម្ដេច ហ៊ុន សែន ថា ជប៉ុនបានផ្ដល់រថយន្តមួយចំនួនជូនដល់ក្រសួងការបរទេស និងផ្តល់នូវសម្ភារៈមួយចំនួនដែរ ហើយជប៉ុនក៏នឹងត្រៀម ផ្ដល់នូវកិច្ចសហប្រតិបត្តិការលើការគាំទ្រដល់កម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវភាពជោគជ័យក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ។

ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងការកោតសរសើរ និងអរគុណចំពោះការផ្ដល់ជារថយន្ត ការផ្ដល់ជាសម្ភារៈ កិច្ចសហប្រតិបត្តិការក៏ដូចជាការគាំទ្រដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវភាពជោគជ័យនៃកិច្ចប្រជុំអាស៊ាននាពេលខាងមុខ៕