កម្ពុជា-ឡាវ ពន្លឿនសាងសង់ស្ពានឆ្លងកាត់ទន្លេពៅ ទៅសេឡាំផាវ ឱ្យបានឆាប់រហ័ស

សង្គម​និង​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា-ឡាវ បានឯកភាពលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេស និងអាជ្ញាធរធ្វើយ៉ាងណាពន្លឿនការកំណត់ទីតាំង ដើម្បីសាងសង់ ស្ពានឆ្លងកាត់ទន្លេរពៅ (កម្ពុជា)/សេឡាំផាវ(ឡាវ) ឱ្យបានឆាប់រហ័ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋឡាវ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤។

នាឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីធានាបាននូវសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍនៅក្នុងតំបន់ផង ខណៈថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការកំណត់ទីតាំងសាងសង់ស្ពានឆ្លងកាត់ ទន្លេរពៅ (កម្ពុជា)/សេឡាំផាវ (ឡាវ) ដើម្បីសម្របសម្រួលដល់លំហូរប្រជាជន ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍រវាងប្រទេសទាំងពីរថែមទៀត។

ជាមួយគ្នានេះ ចំពោះកិច្ចការព្រំដែនវិញ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាដោះស្រាយកំណាត់ព្រំដែននៅសេសសល់ចំនួន ១៤% ដោយសន្តិវិធី ដើម្បីកសាង ព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការផងដែរ។

សូមបញ្ជាក់ដែរថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ ភ្ជាប់ពីកម្ពុជាទៅកាន់ប្រទេសឡាវ គឺមានទីតាំងស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដែលជាប់នឹងព្រំប្រទល់ឡាវត្រង់ ខេត្តចំប៉ាស័ក្តិ។ កិច្ចព្រមព្រៀងក្នុងការសាងសង់ស្ពាននេះត្រូវបានធ្វើឡើង រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ ក្នុងឱកាសកិច្ចប្រជុំក្នុងការចុះកិច្ចហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន៤ កាលពីកាលពីខែធ្នូ ឆ្នាំ ២០១៨ កន្លងមកនេះ៕ អត្ថបទ​៖ រង្សី