លោក ប៉ែន កុសល្យ៖ ការដាំដុះដំណាំឧស្សាហកម្មក្នុងខេត្តឧត្តរមានជ័យ បានកើនឡើងគួរឱ្យកត់សម្គាល់

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ការដាំដុះដំណាំឧស្សាហកម្មក្នុងខេត្តឧត្តរមានជ័យ មានការកើនឡើងគួរឱ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រៅពីស្រូវជាដំណាំយុទ្ធសាស្ត្រ ដំណាំកសិ ឧស្សាហកម្មផ្សេងទៀតក៏មានការកើន ឡើងជាលំដាប់គួរឱ្យកត់សម្គាល់ផងដែរ ក្នុងនោះដំណាំដំឡូងមីសម្រេចបានលើផ្ទៃដី ៧០ ៨៦០ហិកតា កើនឡើងប្រមាណ ២១,០៦% ដោយទទួលបានបរិមាណផលសរុបចំនួន ១ ៤៣៣ ៥២២តោន។ ក្នុងនោះដែរ លោកថា ដំណាំស្វាយចន្ទីសម្រេចបានលើផ្ទៃដី ១៨ ៣៨២ហិកតា កើនឡើង ប្រមាណ ១០៥,៤០% ដោយទទួលបានបរិមាណផលសរុប ១៤ ៦០០តោន មានអត្រាកំណើន ជាមធ្យម ២២,៥៩% ក្នុងមួយឆ្នាំ។

ជាមួយគ្នានេះដែរ ដំណាំស្វាយកែវរមៀតសម្រេចបានលើផ្ទៃដី ១៣ ៥១៥ ហិកតា កើនឡើងប្រមាណ ៧៤,២៩% ដោយទទួលបានបរិមាណផលសរុប ២៨៣ ២៥០ តោន មានអត្រាកំណើនជាមធ្យម ២៨,៤០% ក្នុងមួយឆ្នាំ, ខណៈដំណាំកៅស៊ូសម្រេចបានលើផ្ទៃដី ១៥ ១៥៣ហិកតា ដោយទទួលបានបរិមាណផលសរុប ៨ ៧៥០តោន មានអត្រាកំណើន ជាមធ្យម ៣៦,៣៨%ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ដែរថា គិតត្រឹមខែមិនា ឆ្នាំ២០២៣ ការងារដីដាំដុះដំណាំស្រូវក្នុងខេត្តឧត្តរមានជ័យ សម្រេចបានលើផ្ទៃដីចំនួន ៩៥ ០០០ហិកតា ទទួលបានបរិមាណផល ២៦២ ៦៩០តោន ដោយ មានអត្រាកំណើនជាមធ្យម ៨,១២%ក្នុងមួយឆ្នាំ ក្នុងនោះមានអតិរេកស្រូវ ១៦៩ ៣៨០តោន ក្នុងឆ្នាំ២០២២កន្លងមក ដែលមានអត្រាកំណើនជាមធ្យមនៃអតិរេកស្រូវមានចំនួន ១១,៣៤% ក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់បន្ថែមពី លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ៕ អត្ថបទ៖ ពិសី