ក្រសួងការពារជាតិនៃកម្ពុជា នៅទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១:១៥នាទី នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា កិច្ចប្រជុំពិសេសនេះដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះ បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុរួម និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី១នេះ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព៕



