សម្តេចក្រឡាហោម ស្នើឱ្យបន្តរឹតបន្តឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់

សង្គម​និង​សេដ្ឋកិច្ច

បើទោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១កន្លងទៅនេះ មានអត្រាគ្រោះថ្នាក់ចរាចរណ៍ និងអ្នករងគ្រោះបាត់បង់ជីវិតមានការថយចុះច្រើនបើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលពុំសូវមានការធ្វើដំណើរមមាញឹកដោយសារស្ថានភាពជំងឺកូវីដ-១៩ផងនោះក៏ដោយ។ មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ ត្រូវបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់។ នេះបើតាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 6 people, people standing and outdoors

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២១ គឺមាន២.៦៧០លើកបើប្រៀបធៀបនឹងឆ្នាំ២០២០មានចំនួន៣.១៧៦លើកនោះគឺមានការថយចុះ១៦ភាគរយ។ រីឯចំនួនអ្នកស្លាប់បាត់បង់ជីវិតមានចំនួន១.៤៩៧នាក់បើប្រៀបធៀបនឹងឆ្នាំ២០២០មានចំនួន១.៦៤៦នាក់ គឺមានការថយចំនួន១៤៩នាក់ស្មើនឹង៩ភាគរយ។ ចំណែកអ្នករងរបួសមានចំនួន៣.៦១៥នាក់ គឺមានការថយចុះ១.០៧១នាក់ ស្មើនឹង២៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ដែលមានអ្នករងរបួសរហូតដល់ ៤.៦៨៦នាក់ ។

សម្តេច ស ខេង បានគូសបញ្ជាក់ថា៖ ការថយចុះគ្រោះថ្នាក់ចរាចរណ៍ អាត្រាអ្នកស្លាប់ និងរងរបួសនេះបានបង្ហាញពីមោទនភាពនៃការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដោយស្មារតីវិជ្ជាជីវៈយ៉ាងសកម្ម

រយៈពេលតែ១ថ្ងៃ សមត្ថកិច្ចផាកពិន័យអ្នកបើកបរល្មើសច្បាប់សរុបមានជាង៨០០គ្រឿង -  Khmernote

បើតាមសម្តេច ស ខេង ទោះបីជាលទ្ធផលបានបង្ហាញពីការថយចុះគ្រោះថ្នាក់ចរាចរណ៍ ទាំងអាត្រាអ្នកស្លាប់ និងរងរបួសយ៉ាងដូច្នេះក្តី ប៉ុន្តែស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅពេលនេះ នៅតែជាសោកនាដកម្មសម្រាប់ប្រជាពលរដ្ឋខ្មែរនៅឡើយដោយធ្វើឲ្យមនុស្សច្រើនរាប់ពាន់នាក់ក្នុងមួយឆ្នាំៗបានបាត់បង់ជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិ ។

តាមផ្នែកជំនាញបានរកឃើញពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១នេះ គឺដោយសារការបើកបរដោយល្បឿនលឿនចំនួន៣៨ភាគរយ ការមិនគោរពសិទ្ធមានចំនួន២៤ភាគរយ ការមិនប្រកាន់ស្តាំមានចំនួន១៤ភាគរយ ការប្រជែងគ្រោះថ្នាក់មាន៨ភាគរយ បត់ឆ្វេង-ស្តាំមិនប្រយ័ត្នមាន៨ភាគរយ ស្រវឹង៤ភាគរយ កត្តាយានយន្តមាន៣ភាគរយ និង ងងុយមាន១ភាគរយ ។

ទោះយ៉ាងណា សម្តេចប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស ខេង បានថ្លែងថា៖ “សូមអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនជនរួមជាតិទាំងអស់ សូមរក្សាស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលានៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់”

ការ​អនុវត្ត​ផាកពិន័យ​បទល្មើស​ចរាចរណ៍​តាម​អនុក្រឹត្យ​ថ្មី​នឹង​ត្រូវ​ពន្យារ​  - Khmer Times

ទន្ទឹមនឹងនោះ សម្ដេចក៏បានក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង។

ជាមួយគ្នានេះស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការសម្រួលតាមដងផ្លូវឲ្យមាន គំនូសសញ្ញា ភ្លើងសញ្ញានិង ស្លាកសញ្ញាចរាចរណ៍ផ្សេងៗ ឲ្យបានគ្រប់គ្រាន់ ដែលវាជាក្រើនរំលឹក ឬពញ្ញាក់អារម្មណ៍ឲ្យអ្នកបើកបរលើដងផ្លូវគោរពច្បាប់ចៀសវាងគ្រោះថ្នាក់ ។ ទន្ទឹមនឹងនោះការផ្សព្វផ្សាយ អប់រំ ពីច្បាប់ចរាចរណ៍ ត្រូវតែបន្តធ្វើជាប្រចាំ ទាំងទីប្រជុំជនរហូតដល់ជនបទ ដើម្បីលើកកំពស់ការយល់ដឹងពីច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋយើង។ សម្តេចបញ្ជាក់បន្ថែម៕