សម្តេច ហ៊ុន ម៉ាណែត៖ ធុរជនអាស៊ាន និងអន្តរជាតិជាច្រើនរូប ចង់មកបោះទុនវិនិយោគនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីភាពជោគជ័យរបស់ប្រទេសកម្ពុជា ពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ថា មានធុរជនអាស៊ាន និងអន្តរជាតិជាច្រើនរូប ចាប់អារម្មណ៍ចង់មកបោះទុនវិនិយោគនៅកម្ពុជាជាវិស័យជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីជោគជ័យ នៃបេសកកម្មរបស់សម្ដេចនៅក្នុងកិច្ចប្រជុំខាងលើ សម្ដេច ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ នៃបេសកកម្មនេះ ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចំនួន១៣កិច្ចប្រជុំ អញ្ជើញថ្លែងសុន្ទរកថាចំនួន១២លើក និងអញ្ជើញ ជួបពិភាក្សាទ្វេភាគី ត្រីភាគី និងជំនួបក្រៅផ្លូវការជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូល នៃស្ថាប័ន តំបន់ និងអន្តរជាតិជាច្រើនទៀត។

ចំពោះវិស័យសេដ្ឋកិច្ចវិញ ក្នុងកិច្ចប្រជុំនោះ សម្ដេច បានភ្ជាប់ជានិច្ច នូវកិច្ចពិភាក្សាអំពីវិស័យ ដែលមានសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី នៅគ្រប់ជំនួប ខណៈសម្តេចថា ថ្នាក់ដឹកនាំទាំងអស់ក៏បានឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើន មានជាអាទិ៍ វិស័យពាណិជ្ជកម្ម វិនិយោគកសិកម្ម អប់រំ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនជាដើម។

សម្តេច បានអះអាងបន្តថា៖« ជារួមតាមរយៈការចូលរួមកិច្ចប្រជុំ កិច្ចពិភាក្សាទ្វេភាគី ត្រីភាគី និងកិច្ចសន្ទនាក្រៅផ្លូវការ ចំនួន៣២លើក ជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំកំពូលស្ថាប័នតំបន់ និងអន្តរជាតិ មិនតិចជាង២០រូបនោះ  មានធុរជន អញ្ជើញមកពីប្រទេសក្នុងតំបន់អាស៊ាន និងអន្តរជាតិជាច្រើនរូប ក៏បានបង្ហាញការគាំទ្រ និងបំណងចង់មកបណ្តាក់ទុកវិនិយោគនៅកម្ពុជាជាវិស័យជាច្រើនផងដែរ»។

ជាក់ស្តែង តាមរយៈកិច្ចប្រជុំខាងលើ កម្ពុជា-ភីលីពីន ក៏បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូចនិងមធ្យម។ជាងនេះទៀត កម្ពុជា- ហ្វីលីពីន ក៏បានទទួលការឯកភាពគ្នា ក្នុងការបង្កើនការនាំចូលទំនិញមួយចំនួនពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសមួយចំនួន ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ីថែមទៀត៕

អត្ថបទ៖ ពិសី