ក្រសួងកសិកម្ម បើកវេទិកាធំនៅបាត់ដំបង ដើម្បីដោះស្រាយបញ្ហាទីផ្សារ និងជំរុញការនាំចេញ «មៀនប៉ៃលិន»

សង្គម​ និង​សេដ្ឋកិច្ច

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះផ្ទាល់ទៅកាន់ទឹកដីខេត្តបាត់ដំបង ដើម្បីរៀបចំវេទិកាជួបជុំដ៏សំខាន់មួយ ក្នុងគោលបំណងចងក្រងនិងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកសិករ និងក្រុមហ៊ុនប្រមូលទិញមៀនប៉ៃលិន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ ក៏ជាការបង្កើនការយល់ដឹងអំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការប្រមូលទិញ ការកែច្នៃ និងការនាំចេញមៀនប៉ៃលិន រួមគ្នាកំណត់រកដំណោះស្រាយសមស្របផងដែរ ដោយមានការចូលរួមពី លោក តូច ប៊ុនហួរ និង លោក មាស ពិសិដ្ឋ រដ្ឋលេខាធិការ មន្ត្រី និងទីប្រឹក្សានៃកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម។

វេទិកានេះបានផ្តល់ឱកាសជូនអ្នកចូលរួម ដែលជាមន្ត្រី និងទីប្រឹក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង តំណាងសហគមន៍កសិកម្ម និងក្រុមហ៊ុនកែច្នៃមៀនប៉ៃលិន សរុបចំនួន ៤១ នាក់ ក្នុងនោះមានស្ត្រី ៤ នាក់ ដើម្បីស្តាប់ការបកស្រាយបទបង្ហាញ ពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម រវាងក្រុមហ៊ុន និងសហគមន៍កសិកម្ម ។

អង្គវេទិកាបានផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ គោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រ និងវិធានការអន្តរាគមន៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លក្ខខណ្ឌតម្រូវផ្នែកអនាម័យ និងភូតគាមអនាម័យសម្រាប់ទីផ្សារនាំចេញ និងការអនុវត្តល្អ នៅក្នុងពេលថែទាំ ប្រមូលផល ហាលសម្ងួត ទុកដាក់ កែច្នៃ និងវេចខ្ចប់ ។ល។ សំដៅធ្វើឱ្យអាចលក់មៀនប៉ៃលិនបានកាន់តែច្រើន ទាំងនៅក្នុងស្រុក និងទៅបរទេស ហើយទទួលបានប្រាក់ចំណូលខ្ពស់ ។

គួរបញ្ជាក់ថាកម្មវិធី ASPIRE-AT កំពុងត្រូវបានគ្រប់គ្រង និងដឹកនាំការអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្របច្ចេកទេស និងថវិកាដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC)៕