សហព័ន្ធស្រូវអង្ករកម្ពុជា៖ តម្លៃស្រូវបច្ចុប្បន្ន ស្ថិតក្នុងស្ថានភាពមួយដែលកសិករនៅមានផលចំណេញបង្គួរ ពីផលិតកម្មដំណាំស្រូវនៅឡើយ

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ តម្លៃស្រូវសើមនៅវាលស្រែ មានការធ្លាក់ចុះបន្តិច បន្ទាប់ពីមានការហក់ឡើងខ្ពស់មួយរយៈមុន ពោលមានតម្លៃមកត្រឹមចន្លោះ ១ ០៩០រៀល ទៅ ១ ២៥០រៀល ក្នុងមួយគីឡូក្រាម ទៅតាមប្រភេទស្រូវ។ជាមួយនឹងការធ្លាក់ថ្លៃនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់កាលពីពេលថ្មីៗនេះ ថាទោះបីមានការធ្លាក់ថ្លៃ ប៉ុន្តែតម្លៃស្រូវក្នុងពេលបច្ចុប្បន្ន គឺស្ថិតក្នុងស្ថានភាពមួយដែលកសិករនៅមានផលចំណេញបង្គួរ ពីផលិតកម្មដំណាំស្រូវនៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ស្ថានភាពតម្លៃស្រូវអង្ករនៅលើទីផ្សារអន្តរជាតិ និងតម្លៃស្រូវនៅក្នុងប្រទេសកម្ពុជា ដែលមួយរយៈនេះមានការកើនឡើងដែលមិនធ្លាប់មាន គឺតម្លៃស្រូវស្រាលមិនប្រកាន់រដូវប្រភេទ អ៊ូអឹម ៥៤៥១,ប្រភេទស្រងែស្រាល,ប្រភេទអ៊ីអ៊ែ,និងប្រភេទស្រូវសែនក្រអូប ដែលបានចាប់ផ្តើមប្រមូលផលពីចុងខែកក្កដា និងបន្តរហូតដល់ចុងខែកញ្ញាខាងមុខនេះ។ប្រសិនបើប្រៀបធៀបនឹងឆ្នាំ២០២២ មានការប្រែប្រួលប្រមាណ៤០% គឺពីមុនតម្លៃមធ្យម៩០០រៀល ក្នុងមួយគីឡូក្រាម ឡើងដល់១ ៣០០រៀល ក្នុងមួយគីឡូក្រាម នៅវាលស្រែ និងតម្លៃ ១ ៥០០រៀល ក្នុងមួយគីឡូក្រាម នៅព្រំដែនប្រទេសវៀតណាម។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្តថា នៅក្នុងកំឡុងពេលនៃការហក់ឡើងនៃតម្លៃស្រូវ សហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នពាក់ព័ន្ធ បានខិតខំជម្រុញឱ្យកសិករលក់ស្រូវ និងសម្រួលដល់ការដឹកជញ្ជូននិងនាំចេញស្រូវទៅប្រទេសជិតខាង ព្រោះវាជាឱកាសល្អសម្រាប់កសិករទទួលបានប្រាក់ចំណេញខ្ពស់ពីផលិតកម្មដំណាំស្រូវរបស់ខ្លួន។ប៉ុន្តែស្ថានភាពនៃការឡើងថ្លៃនេះ គឺជាដំណាក់កាលរយៈពេលខ្លីតែប៉ុណ្ណោះ ហើយស្ថានភាពតម្លៃស្រូវបាននិងកំពុងត្រឡប់មកជាធម្មតាវិញស្របពេលដែលតម្លៃទីផ្សារអង្ករអន្តរជាតិបានវិលមករកភាពប្រក្រតីវិញ គឺតម្លៃអង្ករបានធ្លាក់ចុះមកត្រឹមប្រមាណ ៥៨០ដុល្លារ ក្នុងមួយតោន សម្រាប់អង្ករស។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងស្ថានភាពពេលបច្ចុប្បន្ននេះ តម្លៃស្រូវសើមនៅវាលស្រែ មានការធ្លាក់ចុះបន្តិចមកត្រឹមចន្លោះ ១០៩០ ទៅ១ ២៥០រៀល ក្នុងមួយគីឡូក្រាម ទៅតាមប្រភេទស្រូវ។ តម្លៃបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងស្ថានភាពមួយដែលកសិករនៅមានផលចំណេញបង្គួរ ពីផលិតកម្មដំណាំស្រូវនៅឡើយ។ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ សហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈសមាជិកទាំងអស់ ដែលជារោងម៉ាស៊ីនកិនស្រូវ គឺបាននិងកំពុងខិតខំប្រមូលទិញស្រូវពីប្រជាកសិករ ដើម្បីកុំឱ្យមានជនឆ្លៀតឱកាស កេងចំណេញលើតម្លៃដែលធ្វើឱ្យកសិករយល់ច្រឡំ និងខូចប្រយោជន៍យូរអង្វែងរបស់ខ្លួនផងដែរ។

គូរបញ្ជាក់ថា ការឡើងថ្លៃស្រូវនេះ គឺដោយសារ ការផ្អាកនាំអង្ករសរបស់ប្រទេសឥណ្ឌា និងប្រទេសភូមាជាដើម ដើម្បីសិក្សាឱ្យច្បាស់ពីផលប៉ះពាល់បណ្តាលមកពីឥទ្ធិពលនៃកម្តៅ រាំងស្ងួត អ៊ែលនីនូលើផលិតកម្មស្រូវ និងសន្តិសុខស្បៀងរបស់ប្រទេសខ្លួន។ហើយប្រទេសដែលពឹងផ្អែកលើការនាំចូលអង្ករ មានការភ័យខ្លាចពីឥទ្ធិពល អ៊ែលនីនូនេះដែរ ក៏សម្រុកទិញស្រូវអង្ករទាំងបង្ខំ ជាហេតុធ្វើឱ្យតម្លៃស្រូវ និងអង្ករលើទីផ្សារ ជាពិសេសក្នុងតំបន់អាស៊ីកើនឡើងយ៉ាងគំហុក ពោលកើនពីតម្លៃជាង៥០០ដុល្លារ ទៅជាង៧០០ដុល្លារ ក្នុងមួយតោន ដែលកត្តាទាំងនេះ ធ្វើឱ្យមានតម្រូវការស្រូវខ្ពស់សម្រាប់កែច្នៃនាំចេញរបស់ប្រទេសជិតខាង ដែលតែងមកទិញស្រូវពីកម្ពុជា ស្របពេលដែលប្រទេសកម្ពុជាចាប់ផ្តើមប្រមូលផលស្រូលស្រាលដើមរដូវរស្សាមុនប្រទេសក្បែរខាងផងដែរ៕