រដ្ឋមន្រ្តីក្រសួងកសិកម្មថា មជ្ឈមណ្ឌល ហ៊ុង ថៃ នឹងបើកផ្លូវ ឲ្យកសិផលហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន

សង្គម​និង​សេដ្ឋកិច្ច

គម្រោងសួនឧស្សាហកម្មកសិកម្ម ហ៊ុង ថៃ ដែលសាងសង់លើផ្ទៃដី ៨០ហិកតា សម្រេចបាន ៨០% ដើម្បីដាក់ឲ្យបម្រើការស្តុកផ្លែឈើ លាងសំអាត (ធ្វើអនាម័យ) វេចខ្ចប់ និងដឹកជញ្ជូនទៅកាន់ផែក្រុងព្រះសីហនុ។ មជ្ឈមណ្ឌលនេះ មានទីតាំងស្ថិតក្នុងមជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ នៅពេលចាប់ផ្តើមដំណើរការពេញលេញ មជ្ឈមណ្ឌលត្រូវការកម្មករប្រមាណ ៣ ពាន់នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of map

ថ្លៃងពេលចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសួនឧស្សាហកម្មកសិកម្មហ៊ុង ថៃ នាព្រឹកថ្ងៃចន្ទ ទី៣ មករា នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញក្តីរំពឹងខ្ពស់ថា មជ្ឈមណ្ឌលនេះនឹងចូលរួមចំណែកផ្តល់ឱកាសឲ្យកសិផលកម្ពុជា ធ្វើដំណើរទៅកាន់ទីផ្សារចិនដោយត្រង់ ដែលសកម្មភាពនេះពិតណាស់នឹងចូលរួមលើកកម្ពស់តម្លៃបន្ថែមកសិផល ពង្រីក និងពង្រឹងខ្សែច្រវាក់ផលិតកម្មផ្លែឈើ បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនប្រាក់ ចំណូល និងរក្សានិរន្តរភាពផលិតកម្មផ្លែឈើ ពង្រឹងសេដ្ឋកិច្ចគ្រួសារ និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

No photo description available.

លោក វេង សាខុន គូសបញ្ជាក់ថា មជ្ឈមណ្ឌលនឹងចូលរួមបំពេញបន្ថែមនូវខ្សែច្រវាក់ផលិតកម្មផ្លែឈើ ខ្សែច្រវាក់តម្លៃ និរន្តរភាពផលិតកម្ម និងទីផ្សារនាំចេញ។ លោកថា សមិទ្ធផលដែលក្រុមហ៊ុន ហ៊ុន ទី សម្រេចបាន គឺប្រាកដណាស់មិនអាចកាត់ផ្តាច់បានពីការជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការគ្រប់ បែបយ៉ាងពីគ្រប់ភាពគីពាក់ព័ន្ធ និងជាពិសេសភាគីចិន។

កាលពីចុងឆ្នាំ២០២១ ចិនបានផ្តល់កិច្ចសហការពិនិត្យ និងវាយតម្លៃលើគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើផលិតផលផ្លែស្វាយកែវរមៀតកម្ពុជា និងមានប៉ៃលន ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឲ្យផលិតផលស្វាយ នាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការ។

លោករដ្ឋមន្ត្រីសង្ឃឹមថា មជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា នេះ គឺជាជំហានចាប់ផ្តើមបើកផ្លូវ ឲ្យកសិផលហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីភាពជោគជ័យដ៏ធំធេងនេះ។ លើសពីនេះ វិស័យផលិតកម្មផ្លែឈើត្រូពិចនឹងត្រូវបានលើកកម្ពស់ និងមានតម្លៃផ្នែកសេដ្ឋកិច្ច និងមានទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត បង្កើតការងារ និងប្រាក់ចំណូល។

May be an image of 7 people, people standing and indoor

ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យវិស័យឯកជនផ្សេងទៀតចូលរួម និងសហការឲ្យបានពេញលេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឲ្យបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្ម ហើយសង្ឃឹម ថាកសិផលកម្ពុជា នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែម ទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង៕