ក្រសួងមហាផ្ទៃ កំពុងពិនិត្យសេចក្តីព្រាងព្រះរាជក្រឹត្យគ្រប់គ្រង ការផ្តល់ និងដកហូតគោរមងារឧកញ៉ា

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ា ក្រោមវត្តមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង នៅថ្ងៃចន្ទ ទី៣ ខែមករានេះ។ សេចក្តីព្រាងព្រះរាជក្រឹត្យនេះដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។

លោក ប៊ុន ហុន លើកឡើងថា កិច្ចប្រជុំនេះ បានផ្ដល់ធាតុចូលយ៉ាងល្អៗ ដើម្បីកែសម្រួលទៅតាមខ្លឹមសារ នៃសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកថាបន្ដថា បន្ទាប់ពីកិច្ចប្រជុំ និងពិភាក្សាគ្នានូវ សេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា រួចមក លោកនឹងរាយការណ៍ជូនទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងផ្ដល់មតិដឹកនាំបន្ដ។

សូមជម្រាបជូនថា ក្រុមការងារអន្តរក្រសួងនេះ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដើម្បីសិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា ការដកហូតគោរមងារឧកញ៉ា និងសិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលមានសមាសភាពចំនួន ១២រូប។ ក្នុងនោះមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងអនុប្រធានចំនួន ១រូប ព្រមទាំងសមាជិកចំនួន ១០រូបដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

ក្រុមការងារនេះត្រូវសិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម ធ្វើការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន បម្រើឱ្យការរៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។

ជាមួយគ្នានេះ ក្រុមការងារនេះក៏ត្រូវធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំរៀបចំឯកសារពាក់ព័ន្ធជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច ព្រមទាំងបំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។

សូមបញ្ជាក់ជូនថា នៅប្រទេសកម្ពុជាគិតមកដល់ពេលបច្ចុប្បន្នគោរមងារឧកញ៉ាត្រូវបានបែងចែកជា ៣ កម្រិត ឧកញ៉ា អ្នកឧញ៉ា និងលោកឧកញ៉ា ខណៈដែលគោរមងារឧកញ៉ាមានស័ក្តិតូចជាង អ្នកឧកញ៉ានិងលោកឧកញ៉ា ហើយគោរមងារអ្នកឧញ៉ាមានស័ក្តិតូចជាងលោកឧកញ៉ា។

គិតមកដល់ឆ្នាំ ២០២១ មិនទាន់មានឯកសារណាមួយបង្ហាញឲ្យដឹងនូវចំនួនសរុប ពាណិជ្ជករ និងសប្បុរសជនខ្មែរព្រមទាំងបរទេសរស់នៅប្រទេសកម្ពុជា ដែលទទួលបានគោរមងារជាឧកញ៉ា នៅឡើយទេ។ បើតាមការបញ្ជាក់ពីមន្រ្តីក្រសួងព្រះបរមរាជវាំងម្នាក់ បានប្រាប់សារព័ត៌មានឧកញ៉ាញូស៍ ពេលកន្លងមកថា ក្នុង​រយៈពេលនេះ ឧកញ៉ា​សរុប​នៅ​ស្រុកខ្មែរមាន​ចំនួនប្រមាណ ១,០៧០ ​នាក់ ដែលចេញ​ព្រះរាជក្រឹត្យ និង​ថ្ងៃខែឆ្នាំ​ដែល​ត្រូវ​បាន​តែងតាំង។

​គួររម្លឹកជូនថា អនុក្រឹត្យ​ថ្មី​មួយ​ចេញ​ផ្សាយ​កាល​ពីឆ្នាំ​ ២០១៧ បុគ្គល​ដែល​ទទួល​បាន​គោរម​ងារ​ឧកញ៉ា ទាល់តែមាន​ការ​ចូល​រួម​ក្នុង​ការ​អភិ​វឌ្ឍ​សង្គម ដោយ​ផ្តល់​ជា​ប្រាក់ ​ឬ​សម្ភារៈ ដែល​មាន​តម្លៃ​លើ​ពី ​៥០ ​ម៉ឺន​ដុល្លារ។ កាល​ពី​មុន សប្បុរសជនដែលបរិច្ចាគ​ធនធាន​ជូន​រដ្ឋ​លើស​ពី ១០​ ម៉ឺន​ដុល្លារ​ឡើង​ទៅ ទើប​ទទួល​បានគោរមងារ​ដែល​ប្រទាន​ដោយ​ព្រះ​មហា​ក្សត្រ តាម​ការ​ស្នើ​សុំ​ពី​នាយក​រដ្ឋ​មន្ត្រី។

សម្រាប់អ្នកទទួលងារជា អ្នកឧកញ៉ា វិញ គឺមិនទាន់មានឯកសារបញ្ជាក់ចំនួនថវិកា ឬលក្ខខ័ណ្ឌជាក់លាក់ណាមួយនៅឡើយទេ៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព